លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត នៅតែមានការជាក់ថា ខ្សែប្រយុទ្ធដ៏ឆ្នើមក្នុងក្រុមរបស់លោកគឺ Maycon នៅតែមានឱកាសក្នុងការប្រកួតយកស្បែកជើងមាសជាមួយខ្សែប្រយុទ្ធ Kipson របស់ក្រុមណាហ្គាវើល បើទោះបីជាពេលនេះ Kipson បានដណ្តើមយកលេខ១ពី Maycon ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ជាបណ្តោះអាសន្នក៏ដោយ។

លោក ហៅ សុជាតិ បានប្រាប់មុននេះបន្តិចថា៖ «បើទោះបីជាពេលនេះ Kipson មានគ្រាប់បាល់លើស Maycon ១គ្រាប់វិញ សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ កាលពីចុងសប្តាហ៍កន្លងមកនេះ ប៉ុន្តែ Maycon នៅតែមានឱកាសប្រជែងយកស្បែកជើងមាស ព្រោះខ្ញុំជឿជាក់ថា គាត់នឹងអាចរកបានគ្រាប់បាល់បន្ថែម សម្រាប់ការជួបក្រុមអាស៊ីអឺរ៉ុប នៅចុងសប្តាហ៍នេះ»។

តាមរយៈការប្រកួតលីកកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២១ កាលពីថ្ងៃអាទិត្យ កន្លងមកនេះខ្សែប្រយុទ្ធពាក់លេខ១៤ Kipson រកបាន២គ្រាប់តែម្នាក់ឯង នៅពេលក្រុមណាហ្គាវើល បានលត់ក្រុមអាស៊ីអឺរ៉ុប ៥-១។

ការរកបាន២គ្រាប់បន្ថែមទៀតនេះ បានជួយឲ្យ Kipson នៅពេលនេះមាន២៣គ្រាប់ និងបានឡើងទៅឈរនៅលើកំពូលតារាង ក្នុងនាមជាអ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ជាបណ្តោះអាសន្ន ដោយមានគ្រាប់បាល់ច្រើនជាង Maycon ១គ្រាប់វិញ ព្រោះ Maycon ដែលពាក់លេខ២២ រកបានតែ១គ្រាប់ទេ នៅពេលក្រុមបឹងកេត បានយកឈ្នះក្រុមខេមបូឌានថាយហ្គឺរ ៣-១ កាលពីថ្ងៃអាទិត្យ នោះដែរ ដែលធ្វើឲ្យរូបគេនៅពេលនេះមាន២២គ្រាប់៕