(ភ្នំពេញ)៖ ថ្មីៗនេះមានការបែកធ្លាយព័ត៌មានដ៏រសើបមួយជុំវិញកីឡាករឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបលេងនៅ លីគកំពូលថៃ Chiangrai United ចុះកិច្ចសន្យានាំយកទៅលេងទីនោះ ក្រោយបញ្ចប់កិច្ចសន្យា១ឆ្នាំជាមួយក្លឹបលីគទី៣ជប៉ុន Fujieda MYFC នៅដើមខែធ្នូដ៏ខ្លីខាងមុខ។

បើតាមប្រភពដ៏ជិតស្និទ្ធរបស់កីឡាករជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា ខាងលើបានលួចបង្ហើបប្រាប់ថា កូនប្រុសអភិបាលខេត្តកំពតរូបនេះអាចនឹងទៅលេងឲ្យក្លឹបត្រៀមចាយលុយធំ Chiangrai United ដើម្បីប្រជែងជើងឯក Thaii-Premier League រដូវកាលក្រោយឆ្នាំ២០១៨ បន្ទាប់ពីបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ ៤ ក្នុងរដូវកាលឆ្នាំ២០១៧ ដោយមានក្លឹប Buriram Untied ជាម្ចាស់ជើងឯក។

ទន្ទឹមគ្នានេះដែរ ក្លឹបលេងក្នុងលីគកំពូលម៉ាឡេស៊ី ក៏ត្រៀមទិញយកកីឡាករដែលកំពុងជាប់កិច្ចសន្យាជាមួយក្លឹបបឹងកេតរបស់កម្ពុជាផងដែរ តែពុំទាន់ច្បាស់ការនៅឡើយទេ ដោយគេហទំព័រកម្សាន្ត Khmertalking នឹងជម្រាបជូននៅពេលក្រោយទៀត៕

Via: khmertalking