សហព័ន្ធកីឡាចំបាប់កម្ពុជា គ្រោងនឹងប្តូរគោលការណ៍គឺការកំណត់អាយុសម្រាប់អ្នកប្រកួតចំបាប់បុរាណ ដើម្បីជំរុញឲ្យយុវជននៅតាមខេត្ត ងាកមកលេងចំបាប់សម័យ សម្រាប់ជាមូលដ្ឋានត្រឹមត្រូវ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលត្រូវធ្វើនៅកម្ពុជា។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ថា៖«គោលដៅរបស់យើង គឺជំរុញឲ្យអ្នកលេងចំបាប់បុរាណនៅតាមខេត្ត អភិវឌ្ឍន៍ខ្លួនទៅលេងចំបាប់សម័យ ព្រោះការប្រកួតស៊ីហ្គេម គេប្រកួតចំបាប់សម័យ អត់លេងចំបាប់បុរាណនោះទេ។ ហេតុនេះសម្រាប់ការប្រកួតថ្នាក់ជាតិក្រោយៗ យើងអាចមានកំណត់អាយុអ្នកប្រកួតចំបាប់បុរាណ»។

លោកបានបន្ថែមថា៖«អ្នកលេងចំបាប់បុរាណ យើងអាចកំណត់អាយុចាប់ពី២៧ឆ្នាំ ដល់៣០ឆ្នាំ ហើយការធ្វើបែបនេះ យើងចង់ថែរក្សាអត្តសញ្ញាណចំបាប់បុរាណ ដែលមិនអាចខ្វះបាន និងជំរុញឲ្យយុវជនជំនាន់ក្រោយ ងាកមកលេងចំបាប់សម័យវិញ ដើម្បីធ្វើឲ្យយើងមានធនធានផ្នែកចំបាប់សម័យកាន់តែច្រើន សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។

ការចង់កំណត់អាយុអ្នកលេងចំបាប់បុរាណ ក្នុងការប្រកួតថ្នាក់ជាតិនេះ ត្រូវបានផ្តួចផ្តើមឲ្យមានឡើង បន្ទាប់ពីសហព័ន្ធកីឡាចំបាប់កម្ពុជា បានមើលឃើញពីភាពរីកចម្រើនរបស់អ្នកលេងចំបាប់បុរាណនៅតាមខេត្ត ដែលពួកគេអាចចូលរួមប្រកួតចំបាប់សម័យបានល្អទៀតផង សម្រាប់ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៧ នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។

បន្ថែមលើនេះ សហព័ន្ធកីឡាចំវបាប់កម្ពុជា ក៏សម្លឹងឃើញយុវជនឆ្នើមមកពីខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង ប្រមាណ១០នាក់ ចេញពីការប្រកួតនោះ ដើម្បីត្រៀមដាក់ឲ្យហ្វឹកហាត់ចំបាប់សម័យ ជាមួយក្រុមយុវជនថ្នាលនៃក្រុមជម្រើសជាតិកម្ពុជា ទៀតផង ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា៕