ព្រឹត្តិការណ៍ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ កម្រិតអន្តរជាតិមួយ ដែលគេប្រសិទ្ធនាមថា «Khmer Rally Raid 2017» នឹងនាំយកអ្នកជំនាញខាងបើកបរមកពី១០ប្រទេស ឲ្យទៅស្គាល់ទឹកដីដ៏ស្រស់ស្អាត នៅក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី៨ ដល់ទី១០ ខែធ្នូ ខាងមុខនេះ។

ជាមួយគ្នានេះ ភ្នាក់ងាររៀបចំការប្រណាំងយានយន្តនៅកម្ពុជា ហៅកាត់ថា KARA និងសហព័ន្ធកីឡាយានយន្ដកម្ពុជា រួមទាំងដៃគូសហការផ្សេងទៀត សុទ្ធតែចង់ប្រើព្រឹត្តិការណ៍នេះ ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យអេកូទេសចរណ៍ នៅខេត្តមណ្ឌលគិរី ទៅកាន់ភ្ញៀវទេសចរបរទេស។

លោក ពៅ តិចឡេង អគ្គនាយក KARA បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះថា៖ «ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គកម្រិតអន្តរជាតិ ជាលើកដំបូងនៅកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡាប្រភេទ Rally នៅកម្ពុជា ហើយក៏ដើម្បីចូលរួមផ្សព្វផ្សាយពីវិស័យអេកូទេសចរណ៍ នៅខេត្តមណ្ឌលគិរី ផងដែរ»។

បើទោះបីជា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គអន្តរជាតិនេះ ទើបតែរៀបចំជាលើកដំបូងនៅកម្ពុជា ប៉ុន្តែលោក ពៅ តិចឡេង បានអះអាងថា មានប្រទេសចំនួន១០ បានចូលរួម ក្នុងនោះមានកម្ពុជា ថៃ ឥណ្ឌា អ៊ីស្រាអែល អូស្ត្រាលី នូវែលសេឡង់ ហូឡង់ អាមេរិក និងអង់គ្លេស ជាដើម ដោយមានអ្នកចូលរួមសរុបចំនួន ៤៣នាក់។

អ្នកទាំងនេះ នឹងត្រូវប្រណាំងប្រើបច្ចេកទេសបើកបររបស់ខ្លួន ដើម្បីប្រកួតប្រជែងគ្នាទាំងការបើកករ និងការប្រើគំនិតក្នុងការស្វែងរកផ្លូវ ចេញពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ព្រោះការប្រកួតនេះ អ្នករៀបចំកម្មវិធីឲ្យអ្នកបើកបរទាំងអស់រកផ្លូវដោយខ្លួនឯង តាមរយៈការមើលផែនទី ហើយទឹកដីឃុំដាក់ដាំ ស្រុកអូររាំង ដែលមានស្ថានភាពទីទួល ភ្នំ ស្ពាន អូរ ព្រៃ គឺជាទីកន្លែងដែលពួកគេត្រូវប្រកួតគ្នា ដើម្បីរកម្ចាស់ជើងឯក។

លោក ទ្រឿង ហៅ អ្នកបច្ចេកទេស KARA បានប្រាប់បន្ថែមថា ការប្រណាំងយានយន្តឆ្លងកាត់ឧបសគ្គនេះ មាន៤ប្រភេទ គឺទី១ជាប្រភេទម៉ូតូ ទី២ ប្រភេទរថយន្ត UTV ទី៣ ប្រភេទរថយន្តប្រណាំង និងទី៤ជារថយន្តរបស់ក្រុម ដែលចូលរួមក្នុងកម្មវិធីនេះ។

ចំណែក លោក ហូ សិទ្ធីគុណ អនុប្រធានសហព័ន្ធកីឡាប្រណាំងយានយន្តកម្ពុជា បានថ្លែងថា៖ «ក្រៅពីចង់បង្ហាញពីសមត្ថភាពបច្ចេកទេសរបស់កីឡាករប្រណាំងយានយន្តនៅកម្ពុជា គឺយើងនឹងប្រើការប្រកួតនេះ យើងនឹងបានផ្សព្វផ្សាយ ពីតំបន់អេកូទេសចរណ៍នៅខេត្តមណ្ឌលគិរី ដល់ភ្ញៀវទេសចរបរទេស ដើម្បីឲ្យពួកគេមកទស្សនាកម្សាន្តកាន់តែច្រើន ព្រោះតំបន់នោះ មានទេសភាពធម្មជាតិស្រស់ត្រកាល នាភូមិភាគឦសាននៃប្រទេសកម្ពុជា»៕