ក្រុមបឹងកេត ហាក់មានការញញើតទៅនឹងការមានប្រៀបរបស់ក្រុមណាហ្គាវើល សម្រាប់ការជួបគ្នាជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ នៅល្ងាចម៉ោង៦ដូចគ្នា ថ្ងៃពុធនេះ រីឯក្រុមអគ្គិសនីកម្ពុជា នឹងត្រូវលេងឲ្យអស់ ដើម្បីប្រជែងជាមួយក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង។

បើទោះបីជាក្រុមបឹងកេត ធ្លាប់បានឈ្នះក្រុមណាហ្គាវើល ២-១ ក្នុងជើងទី២ និងស្មើ ១-១ ក្នុងជើងទី២នៃការប្រកួតលីកកំពូលកម្ពុជា ប៉ុន្តែ លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត បានមើលឃើញថា ក្រុមរបស់លោក មានការចាញ់ប្រៀបក្រុមណាហ្គាវើល សម្រាប់ការប្រកួតពានរង្វាន់សម្តេចហ៊ុន សែន ដែលតម្រូវឲ្យប្រើកីឡាករខ្មែរសុទ្ធ។

លោក ហៅ សុជាតិ បានប្រាប់ថា៖ «ការប្រកួតនឹងមានការលំបាក ព្រោះណាហ្គាវើល សម្បូរកីឡាករល្អៗ ហើយតំបន់កណ្តាល និងតំបន់ប្រយុទ្ធរបស់ពួកគេ អាចល្អជាងយើង។ ហេតុនេះ យើងត្រូវលេងបែបការពារច្រើន រួចធ្វើការវាយបក ព្រោះយើងមានខ្សែការពារល្អ ហើយបើយើងបានត្រឹស្មើ គឺយើងនឹងមានសង្ឃឹម សម្រាប់ការប្រកួតនៅជើងទី២»។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន គឺមានការប្រកួត២ជើង ជាលក្ខណៈក្នុងទឹកដី និងក្រៅទឹកដី ហើយក្រុមដែលមានប្រៀប ក្នុងការប្រកួតទាំង២ជើងនេះ នឹងត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ ឯក្រុមចាញ់ត្រូវប្រកួតជាមួយក្រុមចាញ់ ដណ្តើមយកលេខ៣ និងលេខ៤។

យ៉ាងណាក៏ដោយ ក្រុមអគ្គិសនីកម្ពុជា ដែលបានប្រកាន់គោលការណ៍ប្រើប្រាស់កីឡាករក្នុងស្រុក ទាំងការប្រកួតលីកកំពូលកម្ពុជានោះ ហាក់មានសង្ឃឹមខ្ពស់ បើទោះបីជាពួកគេត្រូវប្រឈមជាមួយក្រុមម្ចាស់ជើងឯករង ព្រះខ័នរាជឃសា្វយរៀង ដែលទើបបានទម្លាក់ក្រុមជើងឯក ក្រសួងការពារជាតិ ក្នុងវគ្គ៨ក្រុមចុងក្រោយ ដើម្បីសងសឹកការចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៦ ក៏ដោយ។
លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា បានថា៖ «ចំពោះការប្រកួត ដែលប្រើប្រាស់កីឡាករក្នុងស្រុក យើងអត់មានការបារម្ភច្រើននោះទេ ហើយយើងក៏ធ្លាប់បានជួបក្រុមស្វាយរៀង ក៏កន្លងមកផងដែរ។ យើងនឹងប្រឹងប្រែងលេង១០០ភាគរយ ហើយកម្លាំងរបស់យើងមានទាំងប៉ុន្មាន យើងនឹងប្រើឲ្យអស់ ព្រោះយើងត្រូវការឈ្នះ គឺយ៉ាងហោចណាស់ក៏បានលទ្ធផលស្មើដែរ ក្នុងជើងទី១នេះ»៕