ក្រុម Monaco របស់បារាំង នឹងសម្លឹងរកការស្តារមុខមាត់របស់ខ្លួនឡើងវិញ នៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Besiktas របស់តួកគី ក្រោយពីបានចាញ់ក្រុម Porto ក្នុងលទ្ធផល ៣-០ ដើម្បីមានតែ ១ពិន្ទុគត់ ពីការប្រកួត ២លើកដំបូងរបស់ខ្លួន។

ប៉ុន្តែ Besiktas នឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Monaco ដោយសម្លឹងរកជ័យជម្នះជាលើកទី ៣ ជាប់ៗគ្នារបស់ពួកគេ ក្រោយពីក្រុមម្ចាស់ជើងឯករបស់តួកគីមួយនេះ បានយកឈ្នះលើក្រុម Porto និង Leipzig។ ជ័យជម្នះទាំងនេះបានធ្វើឲ្យពួកគេនាំមុខ ៣ពិន្ទុដាច់លើតារាងនៃពូល។ Besiktas មិនធ្លាប់បានយកឈ្នះលើក្រុមរបស់ក្របខ័ណ្ឌ Ligue 1 សោះក្នុងដំណើរទៅប្រកួតលើទឹកដីបារាំងទាំង ៤លើកកាលពីមុនរបស់ពួកគេ។ Monaco នឹងសម្លឹងរកការស្តារមុខមាត់ត្រឡប់មកវិញ ក្រោយពីចាញ់ក្រុម Porto និងស្មើជាមួយ Leipzig។

តារាឆ្នើម Radamel Falcao មិនបានដាក់ឲ្យចូលលេងឡើយ ក្នុងពេលពួកគេចាញ់ក្រុម Lyon ៣-២ កាលពីថ្ងៃសុក្រ ក្នុងក្របខ័ណ្ឌ Ligue 1 ហេតុនេះ រូបគេអាចនឹងបង្ហាញខ្លួនក្នុងជម្រើសដំបូងនៅរាត្រីនេះ។

ស្របពេលជាមួយគ្នានេះ ក្រុម Liverpool នឹងធ្វើដំណើរទៅកាន់ទឹកដីស្លូវេនី ដើម្បីស្វែងរកជ័យជម្នះក្នុងពូលនៃក្របខ័ណ្ឌ Champions League ជាលើកទី១ របស់ពួកគេ នៅពេលជួបជាមួយនឹងក្រុម Maribor នៅរាត្រីនេះ។ ក្រុមហង្សក្រហមរបស់លោក Jurgen Klopp មិនស្គាល់ឈ្នះសោះពីការប្រកួត ៣លើកចុងក្រោយរបស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់ និងបានបញ្ចប់ក្នុងលទ្ធផលស្មើក្នុងការប្រកួតបើកឆាកក្នុងពូល E ទាំងពីរលើកដំបូងរបស់ពួកគេពេលជួបក្រុម Sevilla និង Spartak Moscow។

ក្រុមម្ចាស់ជើងឯកអឺរ៉ុប ៥សម័យកាលមួយនេះ នឹងលេងដោយគ្មានតារាឆ្នើមអន្តរជាតិសេណេហ្គាល់ Sadio Mane ដោយសារតែបញ្ហារបួស ខណៈរូបគេក៏បានអវត្តមានក្នុងពេល Liverpool បញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹង Manchester United កាលពីចុងសប្តាហ៍ផងដែរ។ Maribor បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Spartak Moscow កាលពីការប្រកួតបើកឆាកក្នុងពូល មុននឹងចាញ់ក្រុម Sevilla ៣-០ ក្នុងការប្រកួតកាលពី ៣សប្តាហ៍មុន។ ក្រុម Liverpool នឹងឈានទៅកាន់ការប្រកួតនេះ ដោយឈរក្នុងចំណាត់ថ្នាក់លេខ ២នៃពូល ក្រោយពីមាន ២ពិន្ទុពីការប្រកួត ២លើក។

ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Sport24