អតីតខ្សែបម្រើកណ្តាលរបស់ក្លឹប Manchester United កីឡាករ Shinji Kagawa បានរកគ្រាប់បាល់ចំនួន ២គ្រាប់កំលុងពេលដែលអតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុនរូបនេះធ្វើការប្រកួតអោយ ក្លឹប Besiktas ក្នុងលក្ខណ្ឌខ្ចីជើងពីក្រុម Borussia Dortmund។ ក្លឹប Besiktas បានផ្តួលក្រុម Antalyaspor ៦:២ ក្នុងកម្មវិធីប្រកួតពានលីកកំពូលតួគី Super Lig កាលពីថ្ងៃអាទិត្យ។

កីឡាករ Kagawa វ័យ ២៩ឆ្នាំបានចូលលេងជាកីឡាករបម្រុងនៅក្នុងនាទីទី៨១ ក្រោយពីក្រុមរបស់គាត់បាននាំមុខ ៤-១ ហើយ Kagawa បានរកគ្រាប់បាលត្រឹមតែ ១៨វិនាទី និងបន្តរកបានគ្រាប់បាល់បំប៉ោងសំណាញ់១គ្រាប់ទៀតពីចម្ងាយ ៣០ម៉ែត្រដោយការស៊ុត Freekick។

កីឡាករអន្តរជាតិជប៉ុនបានជួយឱ្យ Dortmund ឈ្នះពានរង្វាន់ German League និង German Cup ក្នុងឆ្នាំ ២០១២ មុនពេល ផ្ទេរទៅកាន់ក្រុម Man United រយៈពេលពីរឆ្នាំមុនពេលវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Bundesliga នៅក្នុងឆ្នាំ ២០១៤ ។ សម្រាប់រដូវកាលថ្មី២០១៨-២០១៩នេះរូបគេមិនបានស្ថិតក្នុងជម្រើសប្រើប្រាស់របស់គ្រូបង្វឹករបស់ក្លិប Dortmund លោក Lucien Favre ហើយបានចូលរួមជាមួយ Besiktas នៅថ្ងៃផុតកំណត់ផ្ទេរកីឡាករដែលពីខែមករា ២០១៩កន្លងទៅថ្មីនេះ។

អត្ថបទ៖ Cambosport
ប្រភព៖ BBC