កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា គ្រោងនឹងផុតកុងត្រាខ្ចីជើងជាមួយក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុននាខែធ្នូខាងមុខនេះហើយ ខណៈបច្ចុប្បន្នមានព័ត៌មានចរចាអារាមបានលើកឡើងថា មានក្លឹបថៃ និងម៉ាឡេស៊ី កំពុងតាមចែចូវ ដែលខិតជិតឈានដល់ការចុះកិច្ចសន្យាថ្មីទៀតផង ប៉ុន្ដែដំណឹងនេះ មិនត្រូវបានភាគីក្លឹបបឹងកេតចាត់ទុកជាការពិតទេ ព្រោះក្លឹបមិនទាន់ជជែកជាមួយសាមីខ្លួន ចាន់ វឌ្ឍនាកា នៅឡើយ។

ទន្ទឹមជាមួយគ្នាលោក បែ មករា អ្នកចាត់ក្រុមបឹងកេត បានបញ្ជាក់ថា រឿងផ្លាស់ប្ដូរ ឬផ្ទេរ ចាន់ វឌ្ឍនាកា ក្លឹបនឹងបើកទ្វាជានិច្ច ឲ្យតែសាមីខ្លួនសម្រេចចិត្ត និងមានលក្ខខណ្ឌត្រូវរ៉ូវគ្នា។ ប៉ុន្ដែប្រសិនបើ វឌ្ឍនាកា សម្រេចទៅលេងឲ្យក្លឹបថ្មីណាមួយ ក្រោយផុតកុងត្រាជាមួយក្លឹប Fujieda MYFC ក្លឹបនឹងពិចារណ៍ពង្រឹងលើលក្ខខណ្ឌថ្មីមួយចំណុច ដើម្បីចៀសវាងការយកទៅមិនឲ្យលេងដូចនៅជប៉ុន ពោលគឺលក្ខខណ្ឌត្រូវតែដាក់ឲ្យលេង។ លោកសង្កត់ធ្ងន់ថា «នេះគឺជារឿងសំខាន់ សម្រាប់ក្លឹប ដែលចង់បាន វឌ្ឍនាកា ទៅលេង ត្រូវតែមានលក្ខខណ្ឌមួយ (ដាក់ឲ្យលេង) ចាំបាច់ ដើម្បីចៀសវាងមានបញ្ហាដូចនៅជប៉ុន»។

សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹប Fujieda MYFC ខ្ចីជើងពីក្លឹបបឹងកេត ទៅលេងនៅលីគលំដាប់ទី៣ របស់ជប៉ុនជិតមួយរដូវកាលមកហើយ ប៉ុន្ដែកូនប្រុសអភិបាលខេត្តកំពតនេះ ទើបបង្ហាញខ្លួនក្នុងការប្រកួតផ្លូវការបានម្ដងគត់ ក្នុងរយៈពេលប្រមាណ ៧នាទីចុងម៉ោងប៉ុណ្ណោះ ដែលធ្វើអ្នកគាំទ្រកម្ពុជា បាននូវបង្ហាញការសោកស្ដាយជាខ្លាំង ចំពោះការយកទៅបញ្ឈជើងចោលដូច្នេះ ។ ហេតុនេះហើយ ទើបក្លឹបបឹងកេត សម្រេចត្រៀមលក្ខខណ្ឌថ្មី ដើម្បីរឹតបណ្ដឹងដល់ក្លឹបថ្មី ដែលចង់បាន ចាន់ វឌ្ឍនាកា ទៅលេងនារដូវកាលក្រោយ៕

កែសម្រួលដោយ៖ ​Cambosport
អត្ថបទ៖ KhmerTalking