(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ Hun Sen Cup លើកទី១១ ឆ្នាំ២០១៧ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ហើយ ដោយក្រុមណាហ្គាវើល បានយកឈ្នះក្រុមបឹងកេតអែហ្វស៊ី ១-០ ខណៈក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើក្រុមអគ្គិសនីកម្ពុជា (EDC) ២-២ នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីល្ងាចមិញ។

សម្រាប់គ្រាប់បាល់ជ័យជម្នះរបស់ក្រុមណាហ្គាវើល គឺរកបានតាំងពីនាទីទី៣ ដែលជាការប្រើក្បាល តែតបញ្ចូលទីពីសំណាក់ខ្សែការពារ ញឹម សុវណ្ណារ៉ា ក្រោយមិត្តរួមក្រុមលើកពីជ្រុងដោយ សួង វីរៈ។ ក្រោយមានការបំបែកពងមាន់ទាំងមិនទាន់ក្ដៅស្លឹកត្រចៀកដូច្នេះ ក្រុមបឹងកេត បានព្យាយាមវាយសម្រុកវិញណាស់ដែរ តែធ្វើមិនបានសម្រេចឡើយ ធ្វើឲ្យចប់ការប្រកួត ៩០នាទីក្រុមណាហ្គាវើលឈ្នះ ១-០ តែម្ដង។

ដោយឡែកជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមក្មេងខ្ចី EDC បានធ្វើឲ្យអ្នកទស្សនាផ្ទាល់នៅកីឡដ្ឋានខេត្តស្វាយរៀង មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីកីឡាករ ម៉ាត់ ណូរុន បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន ដើម្បីជួយក្រុមអគ្គិសនីកម្ពុជានាំមុខ ២-០។ ប៉ុន្ដែចូលដល់តង់ទី២ ទើបក្រុមលោក សំ វ៉ាន់ដេត អាចស្រោចស្រង់ស្ថានការណ៍បានវិញ រហូតព្យាយាមវាយបកតាមស្មើ ២-២ ដែលធ្វើសម្រេចដោយកីឡាករ លី សារ័ត្ន និង សុក សំណាង។

គួរបញ្ជាក់ថា តាមរយៈលទ្ធផលជើងទី១ខាងលើ មានតែក្រុមណាហ្គាវើលមួយគត់ ដែលបានកក់កៅអីវគ្គផ្ដាច់ព្រ័ត្របណ្ដោះអាសន្ន តែមិនទាន់ផ្លូវការនោះទេ ដោយសារត្រូវរង់ចាំការប្រកួតកាត់សេចក្ដីជើងទី២ នៅថ្ងៃទី១៣ ខែធ្នូខាងមុខ។ ដូច្នេះជើងទី២ ការប្រកួតទាំង ២គូសុទ្ធតែសំខាន់ ដោយក្រុមនីមួយៗ ត្រូវការឈ្នះរៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ៕
Via: khmertalking