ក្រុមណាហ្គាវើលទទួលបាន៣ពិន្ទុដើម្បីបង្កើនក្តីសង្ឃឹមសម្រាប់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ក្រោយយកឈ្នះក្រុមបឹងកេត ១-០ នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកា នៅពហុកីឡដ្ឋានជាតិ។ ចំណែកព្រះខ័នរាជស្វាយរៀងបានត្រឹមបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយអគ្គិសនីកម្ពុជានៅលើទឹកដីរបស់ខ្លួន។

កីឡាករ ញឹម សុវណ្ណារ៉ា ក្រោមការលើកបាល់ចេញពីជ្រុងរបស់កីឡាករ សួង វីរៈ បានតែតបាល់បញ្ចូលទីនាំមុខ ១-០ ដើម្បីនាំភាពសប្បាយរីករាយសម្រាប់ណាហ្គាវើលនៅ៣នាទីដំបូងក្នុងវគ្គទី១។ ជាហេតុធ្វើឲ្យកីឡាករបឹងកេតដែលឈរមើល សុវណ្ណារ៉ា តែតបាល់បញ្ចូលទីក្រុមខ្លួនបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង។ បឹងកេតបានបង្កើនការវាយសម្រុកយ៉ាងខ្លាំងមកលើណាហ្គាវើលក្រោយបាត់បង់គ្រាប់បាល់ តែក្រុមនេះមិនអាចសម្រេចទីបាននោះទេ។ ទោះបីក្រុមទាំងពីរបង្កើនការវាយបកនិងបង្កើតឱកាសមាសទៅវិញទៅមកក៏ដោយតែក្រុមទាំងពីរបានរក្សាលទ្ធផល ១-០ រហូតចប់វគ្គទី២។

ជ័យជម្នះនេះបានធ្វើឲ្យណាហ្គាវើលមានឱកាសកាន់តែខ្ពស់ក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ខណៈណាហ្គាវើលត្រូវការត្រឹមស្មើនាការប្រកួតជើងទី២ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែធ្នូ ប៉ុណ្ណោះ។ ចំណែកបឹងកេតទាមទារយកឈ្នះណាហ្គាវើលលើសពីមួយគ្រាប់ ដើម្បីឡើងទៅវគ្គបន្ត។

សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងបានបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយក្រុមអគ្គសនីកម្ពុជា។ កីឡាករ ម៉ាត់ នូរុន បានរកគ្រាប់នាំមុខ ១-០ សម្រាប់អគ្គិសនីកម្ពុជានៅនាទីទី៧ មុនរូបគេសម្រេចគ្រាប់ទី២ ដើម្បីបង្កើនការនាំមុខ ២-០ នៅនាទីទី១៧។ កីឡាករ សុក សំណាង បានរកគ្រាប់បាល់តាមពីក្រោយ ២-១ សម្រាប់ស្វាយរៀងនៅនាទីទី៥៨ មុន លី សារ័ត្ន សម្រេចគ្រាប់បាល់តាមស្មើ ២-២ នៅនាទីទី៨៧។

លទ្ធផលស្មើ ២-២ ក្នុងជើងទី១នេះបានធ្វើឲ្យឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្ររបស់ម្ចាស់ជើងឯករងព្រះខ័នរាជស្វាយរៀងស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ពោលគឺក្រុមនេះត្រូវការឈ្នះអគ្គិសនីកម្ពុជាដាច់ខាតក្នុងជំនួបជើងទី២ដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧៕