នៅទីបំផុត ក្រុមព្រះខ័នរាជស្វាយរៀង នៅតែគ្មានសំណាង ទទួលបានឱកាសទៅចូលរួមការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2017 ខណៈទីតាំងលេខ១ របស់ក្រុមមួយនេះ ត្រូវបានធ្លាក់ទៅលើក្រុមបឹងកេត ក្នុងការប្រកួតបញ្ចប់វគ្គវិលជុំទាំង ២ជើង នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៧នោះ។

សម្រាប់ការប្រកួត កាលពីយប់ថ្ងៃសៅរ៍ កន្លងមកនេះ ក្រុមស្វាយរៀង បានចាញ់ក្រុមភ្នំពេញក្រោន ២-១ ដែលធ្វើឲ្យពួកគេមានត្រឹម ៤៦ពិន្ទុដដែល ហើយលទ្ធផលនេះបានធ្វើឲ្យទីតាំងលេខ១ ដែលពួកគេខំប្រឹងការពារអស់ជាច្រើនសប្តាហ៍មុននេះ ត្រូវធ្លាក់ទៅលើកណ្តាប់ដៃក្រុមបឹងកេត ព្រោះបឹងកេត បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៤-៣ ដើម្បីមាន ៤៨ពិន្ទុ។

ជាមួយមួយលទ្ធផលនេះ ក្រុមបឹងកេត បានក្លាយជាក្រុមតំណាងឲ្យលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ដែលទទួលបានឱកាសទៅប្រកួតជម្រុះពាន Toyota Mekong Club Championship 2017 ជាថ្មីម្តងទៀត ដោយពួកគេត្រូវប្រកួតជម្រុះក្រៅទឹកដី និងក្នុងទឹកដីជាមួយក្រុមតំណាងមកពីវៀតណាម Sanna Khanh Hoa ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Lao Toyota របស់ឡាវ។

ចំណែកក្រុមស្វាយរៀង បានធ្លាក់មកឈរនៅលេខរៀងទី២ លើក្រុមណាហ្គាវើល ដែលបានជួបការខកចិត្តផងដែរ ដោយសារណាហ្គាវើល បានចាញ់ក្រុមក្រុមខេមបូឌានយថាយហ្គឺរ ២-១ ដែលធ្វើឲ្យពួកគេមាន ៤៥ពិន្ទុដដែល។ រីឯក្រុមក្រសួងការពារជាតិ(ទ័ព) ក៏បានចាញ់ក្រុមប៉ូលិស ២-១ ផងដែរ។

យ៉ាងណាក៏ដោយក្រុមទ័ព នៅតែអាចឈរនៅលេខរៀងទី៤ ដើម្បីបានទៅប្រកួតនៅវគ្គខ្វែង បើទោះបីជាពួកគេមាន ៤២ពិន្ទុស្មើជាមួយក្រុមភ្នំពេញក្រោន ក៏ដោយ ព្រោះសម្រាប់ការជួបគ្នាដោយប្រឈមទាំង ២ជើងកន្លងមកនេះ ក្រុមទ័ព បានឈ្នះភ្នំពេញក្រោន ៣-២ និង ១-០ ដែលធ្វើឲ្យពួកគេមានប្រៀបជាងក្រុមភ្នំពេញក្រោន។

ចំណែកក្រុមខេមបូឌានថាយហ្គឺរ ឈរនៅលេខ៦ មាន ៣៥ពិន្ទុ ក្រុមប៉ូលិស ឈរនៅលេខ៧ មាន ៣២ពិន្ទុ ឯក្រុមវេស្ទើន ឈរនៅលេខ៨ ដដែល បើទោះបីពួកគេបានចាញ់ក្រុមអគ្គិសនីកម្ពុជា ៣-២ លើកនេះ ព្រោះវេស្ទើន មាន ២២ពិន្ទុ ខណៈក្រុមអគ្គិសនីកម្ពុជា ឡើងមកឈរនៅលេខ៩ មាន ២០ពិន្ទុ លើក្រុមអាស៊ីអឺរ៉ុប ដែលធ្លាក់ទៅឈរនៅលេខ១០ មាន ១៨ពិន្ទុដដែល។

ចំពោះក្រុម CMAC បានយកឈ្នះក្រុមគិរីវង់ ២-០ ប៉ុន្តែលទ្ធផលនេះ វានៅតែធ្វើឲ្យក្រុមមាន ១៤ពិន្ទុ CMAC ត្រូវបានកាត់ចេញពីការប្រកួតលីកកំពូលកម្ពុជា នៅឆ្នាំ២០១៨ ដូចក្រុមឈរនៅបាតតារាងពេញមួយរដូវកាល គិរីវង់ ដដែល៕