អ្នក​ប្រដាល់​ជើង​ចាស់ អ៊ុំ វណ្ណេត ​និង​កីឡាករ គឹម វាសនា ​បាន​ឡើង​វគ្គ​៤​នាក់​ចុង​ក្រោយ​នៅ ​TV 5 Boxing Knock Out Series (K-Cement) របស់​សង្វៀន​ប៉ុស្តិ៍​លេខ ៥ ​ហើយ ​ក្រោយ​ពី​វាយ​ដៃ​គូ​ឱ្យ​បោះបង់​ការ​ប្រកួត​ដូច​គ្នា។

វណ្ណេត ​ប៉ះ​ជាមួយ​ វ៉ែន ហុងជីវុង ​ពិត​ជា​ពិបាក​ខ្លាំង​សម្រាប់​កីឡាករ​ម្នាក់​នេះ ត្បិត​អី​រូបគេ​មាន​វ័យ​ជ្រេ​ទៅ​ហើយ។ យ៉ាងណាមិញ ​យោង​ទៅ​តាម​បទ​ពិសោធ​នៃ​ការ​ប្រកួត​ច្រើន​ធ្វើ​ឱ្យ​វណ្ណេត​អាច​រក្សា​កម្លាំង​បាន ​និង​វាយ​បក​ទៅ ហុងជីវុង ​វិញ ​រហូត​ទទួល​បាន​ផល។ នៅ​ត្រឹម​ទឹក​៣ ​ហុងជីវុង ​បាន​បោះ​បង់​ការ​ប្រកួត ដោយសារ​តែ​អាច​ទ្រាំ​ទ្រ​ទៀត​បាន​។ សម្រាប់​១​គូ​ទៀត សំងាង ឌុន ​និង​គឹម វាសនា ​ក៏​មិន​ខុស​ពី​គូ​ខាង​លើ​ប៉ុន្មាន​ដែរ។ គឹម វាសនា ​អាច​យក​ឈ្នះ​លើ​សំអាង ឌុន ​បាន​ដោយ​វាយ​ឱ្យ​កីឡាករ​រូប​នេះ​បោះបង់​ការ​ប្រកួត។

ការ​​ប្រកួត​ TV5 Boxing Knock Out Series នៅ​សង្វៀន​ប្រដាល់​ប៉ុស្តិ៍​លេខ៥ ​មាន​កីឡាករ​ចូលរួម​ចំនួន​៣២​នាក់ ​ប្រកួត​ជម្រុះ​រហូត​ដល់​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​តែ​ម្ដង​ ហើយ​ការ​ប្រកួត​នេះ​កីឡាករ​រូប​ណា​ចាញ់​ត្រូវ​ធ្លាក់​តែ​ម្ដង​ ដោយ​មិន​មាន​ប្រកួត​សន្សំ​ពិន្ទុ​នោះ​ទេ។​ ដោយ​ការ​ប្រកួត​ទៀត​សោត​ធ្វើ​ឡើង​ត្រឹម​៣ទឹក​ទេ។

សម្រាប់​អ្នក​ទទួល​បាន​លេខ​១​វិញ ​នឹង​ទទួល​បាន​ប្រាក់​៤​ពាន់​ដុល្លារ ​អម​ជាមួយ​ពាន​១ ​លេខ​២​ទទួល​បាន​២​ពាន់​ដុល្លារ ​លេខ​៣​ទទួល​បាន​៧៣០​ដុល្លារ ​និង​លេខ​៤​ទទួល​បាន​៥០០​ដុល្លារ៕
Via: Sabay