សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា ដែលបានអស់សុពលភាពតាំងពីឆ្នាំ២០១៦ មកនោះ បាននិងកំពុងតែបើកការប្រកួតកីឡាវ៉ូស៊ីជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ ដើម្បីសម្រិតសម្រាំងរកអត្តពលិកមានសមត្ថភាព ដាក់ឲ្យហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិ នាឆ្នាំ២០១៨។

សម្រាប់ការប្រកួតថ្នាក់ជាតិនេះ មានអត្តពលិកចំនួន ២៨០នាក់(ស្រី ១៤៤នាក់) បានចូលរួម ដោយពួកគេលេងតំណាងឲ្យក្លិបចំនួន១២ ក្នុងនោះមានក្លិបក្រសួងមហាផ្ទៃ វិទ្យាល័យបាក់ទូក ក្លិបសំរោងអណ្តែត ក្លិបកូននាគ ក្លិបមានជ័យ ក្លិបពោធិ៍មាស ក្លិបសែនជ័យ ក្លិបអូឡាំពិក ក្លិបមុខវាំង ក្លិបទួនហ្វា ក្លិបវិមានឯករាជ្យ និងក្លិបសុភមង្គល។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានប្រាប់កាលពីព្រឹកថ្ងៃចន្ទនេះថា ការប្រកួតថ្នាក់ជាតិនៅឆ្នាំ២០១៧នេះ ក្លិបចូលរួមនៅឆ្នាំនេះ មានការកើនឡើងជាងឆ្នាំ២០១៦ ចំនួន៣ក្លិប ប៉ុន្តែចំនួនអត្តពលិក មានការថយចុះជាងឆ្នាំមុន ដោយសារនៅឆ្នាំនេះយើងមានការកំណត់អ្នកចូលរួម មិនមែនបើកទូលាយដូចឆ្នាំមុនៗនោះទេ។

នៅត្រង់ចំណុចនេះ លោក ម៉ៅ ចន្ថាវុធ បានបញ្ជាក់ថា៖ «អ្នកដែលចូលរួមក្នុងការប្រកួតនេះ សុទ្ធតែត្រូវបានសម្រិតសម្រាំង ដោយក្លិបនីមួយៗ ហើយការធ្វើបែបនេះ ក៏ព្រោះតែយើងចង់ពង្រឹងគុណភាពនៃការប្រកួតថ្នាក់ជាតិនេះ ពិសេសយើងអាចសម្រិតសម្រាំងរកបានអ្នកមានសមត្ថភាព សម្រាប់ដាក់ឲ្យហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងក្រុមយុវជនថ្នាល ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា»។

ការប្រកួតកីឡាវ៉ូស៊ូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៧ មានការប្រកួតសម្តែង(ថាវលូ)ចំនួន ១៨វិញ្ញាសា និងប្រកួតប្រយុទ្ធ(សាន់ស៊ូ) នៅលើប្រភេទទម្ងន់ចំនួន៨ ទាំងផ្នែកនារី និងបុរស ហើយការប្រកួតនេះ បានចាប់ផ្តើមតាំងពីថ្ងៃសុក្រ នឹងត្រូវបិទការប្រកួត នៅល្ងាចថ្ងៃអង្គារស្អែកនេះ ខណៈពិធីបំពាកមេដាយ និងផ្តល់រង្វាន់ដល់ម្ចាស់ជយលាភី ក៏ត្រូវធ្វើនៅថ្ងៃអង្គារនោះដែរ៕