(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកោះហៅថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិមានសក្ដានុពលចំនួន១០ មកប្រជុំរាយការណ៍អំពីបញ្ហាវឌ្ឍនភាព និងបញ្ហាប្រឈមនានា ដើម្បីត្រៀមរៀបចំផែនការ និងយុទ្ធសាស្ដ្រត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC ហើយលោកបានចោទមួយសំណួរទៅកាន់តំណាងសហព័ន្ធខាងលើ បើយើងចង់ឲ្យគេជួយ តើយើងមានផែនការអ្វីអត់?

លោក ថោង ខុន បានថ្លែងថា ស៊ីហ្គេម ឆ្នាំ២០២៣ សល់ពេលជាង ៥ឆ្នាំទៀតនឹងមកដល់ តែការត្រៀមខ្លួន ដើម្បីទទួលធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ សល់ពេលតែ ៤ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះវាមិនមែនជារយៈពេលយូនោះទេ។ ហេតុនេះទាមទាឲ្យសហព័ន្ធកីឡាជាតិនីមួយៗ ត្រូវស្ទុះស្ទារៀបចំខ្លួនឲ្យបានល្អ ទាំងមន្ដ្រីបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្ដាល ពិសេសគឺធនធានកីឡាករ-កីឡាការិនី ខណៈបច្ចុប្បន្ន NOCC កំពុងសហការជាមួយប្រទេសជាមិត្តជិតស្និទ្ធ ដែលមានបទពិសោធន៍ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ដើម្បីរៀនសូត្រ និងស្នើសុំការបណ្ដុះបណ្ដាលផ្សេងៗ។

លោកថា បច្ចុប្បន្នថៃ និងសិង្ហបុរី សុទ្ធតែបានត្រៀមខ្លួនជាស្រេច ដើម្បីជួយកម្ពុជាលើផ្នែកបច្ចេកទេស និងការបណ្ដោះបណ្ដាលផ្សេងៗ ទាំងមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនីជាដើម។ ប៉ុន្ដែបញ្ហាត្រង់ថា ពេលសហព័ន្ធចង់បញ្ជូនធនធានវ័យក្មេង ទៅហ្វឹកហាត់នៅក្រៅប្រទេស បែរជាអាណាព្យាបាលមិនអនុញ្ញាត ក្រោមហេតុផលកូនគេនៅក្មេង។ វាគឺជាឧបសគ្គមួយ ប៉ុន្ដែដើម្បីសម្រួលដល់ការងារនេះ កម្ពុជាបានស្នើទៅថៃ ឬសិង្ហបុរី ដើម្បីបញ្ជូនគ្រូបង្វឹកពួកគេ មកបង្ហាត់នៅកម្ពុជាវិញ ដើម្បីផលចំណេញទាំងអស់គ្នា។ ដោយហេតុនេះ សហព័ន្ធកីឡាជាតិនីមួយៗ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីត្រៀមសហការជាមួយភាគី ដែលត្រៀមជួយដល់កម្ពុជា។

លោករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា ថៃបានបញ្ជាក់ពីជំហរជួយផ្នែកហ្វឹកហាត់ តែពិសេសគឺសិង្ហបុរី ដែលជាប្រទេសកម្រចាប់អារម្មណ៍លើការចុះអនុស្សារណយោគយល់គ្នា (MOU) ប៉ុន្ដែពេលនេះសិង្ហបុរី បានចុះហត្ថលេខាសន្យាជួយដល់កម្ពុជាហើយ នៅក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមខាងលើ។ ហេតុនេះ រាល់បញ្ហានានា ទាំងទីលាន មន្ដ្រីបច្ចេកទេស គ្រូ កីឡាករ-កីឡាការិនី ផ្នែករដ្ឋបាល និងបញ្ហាប្រភពចំណូលជាដើម សហព័ន្ធនីមួយៗត្រូវរាយការណ៍ ដើម្បីស្វែងរកដំណោះស្រាយ និងកំណត់ផែនការឲ្យបានច្បាស់លាស់ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន ២ឆ្នាំម្ដងនេះ៕