គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហៅកាត់ថា NOCC បានកោះហៅថ្នាក់ដឹកនាំតំណាងឲ្យសហព័ន្ធកីឡាជាតិចំនួន១០ មកកាន់ទីស្នាក់ការរបស់ខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញ ដើម្បីសួរនាំលើការត្រៀមខ្លួន ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាល់ទះ បាល់បោះ ចំបាប់ វ៉ូវីណាម កាយសម្ព័ន្ធ ប៉េតង់ សីដក់ វាយកូនបាល់ និងខេមរៈសហព័ន្ធតេក្វាន់ដូ(WTF) គឺជាសហព័ន្ធ ដែលត្រូវបានលោក ថោង ខុន ប្រធាន NOCC បានហៅមកសាកសួរ លើការរៀបចំផែនការយុទ្ធសាស្រ្ត និងបញ្ហាប្រឈម ដែលសហព័ន្ធនីមួយៗ បានជួបប្រទះ ក្នុងដំណើរការឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនោះ លោក ថោង ខុន ក៏បានសុំឲ្យ សហព័ន្ធកីឡាជាតិទាំង១០ បង្ហាញពីរចនាសម្ព័ន្ធ ផែនការបណ្តុះបណ្តាល ផែនការចេញទៅប្រកួត គម្រោងចំណូល និងចំណាយ ផងដែរ ដើម្បីដឹងឲ្យច្បាស់ថា តើសហព័ន្ធណា អាចមានលទ្ធភាពជួយខ្លួនឯង និងសហព័ន្ធណា កំពុងជួបការខ្វះខាត។

ដែលជាទិសដៅត្រៀមទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយយើងចង់ក្រងរឿងទាំងនេះ ជាសៀវភៅតែម្តង តែត្រូវមានការឆ្លងមហាសន្និបាតឲ្យបានត្រឹមត្រូវ គឺយើងធ្វើឲ្យបានច្បាស់ ព្រោះទោះបីជាមានការកែប្រែនៅចំណុចខ្លះ ក៏អត់បញ្ហាដែរ នៅពេលយើងមានមូលដ្ឋានត្រឹមត្រូវ។

លោកបានបញ្ជាក់ថា៖ «ខ្ញុំសូមឲ្យសហព័ន្ធទាំងអស់ បង្ហាញឲ្យបានច្បាស់ នូវគម្រោងចំណូល និងចំណាយ និងផែនការយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីឲ្យយើងអាចដឹងថា សហព័ន្ធ មានលទ្ធភាពរកបានប៉ុន្មានភាគរយ? ហើយរដ្ឋាភិបាលត្រូវផ្គត់ផ្គង់បន្ថែមប៉ុន្មានភាគរយ? ព្រោះរាល់បញ្ហាដែលយើងបានលើកឡើងនៅពេលនេះ នឹងត្រូវបានកក់ត្រា ដើម្បីយកទៅដាក់លើតុ ពិភាក្សាជាមួយរដ្ឋាភិបាល»។

តាមរយៈការពិភាក្សាគ្នានោះ តំណាងសហព័ន្ធកីឡាជាតិទាំង១០ សុទ្ធតែមានគម្រោងនិងផែនការយុទ្ធសាស្រ្ត ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ពិសេសយុវជនថ្នាល ដើម្បីត្រៀមទៅកាន់ការប្រកួតស៊ីហ្គេម ប៉ុន្តែសហព័ន្ធភាគច្រើន សុទ្ធតែមានការប្រឈមទៅលើបញ្ហាកង្វះកញ្ចប់ថវិកា ដែលត្រូវចំណាយទៅការរៀបចំផែនការយុទ្ធសាស្រ្តទាំងនោះ គឺលើកលែងតែ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលអាចរស់ដោយខ្លួនឯង និងខេមរៈសហព័ន្ធតេក្វាន់ដូ(WTF) ដែលមានភាគីកូរ៉េខាងត្បូងចាំជួយជ្រោមជ្រែង និងមានអ្នកឧបត្ថម្ភក្រៅច្រើនផងដែរ៕