ក្រុមបាល់ទាត់តំណាងឲ្យកម្ពុជាចំនួន ២ក្រុម គឺក្រុមក្រសួងការពារជាតិ(ទ័ព) និងក្រុមសូលទីឡូអង្គរ នឹងត្រូវបន្តការប្រកួតជម្រុះនៃពានរង្វាន់ Yunan ASEAN International Open Tournament 2017 នៅប្រទេសចិន នារសៀលថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងការប្រកួតជម្រុះតាមពូលលើកទី២នេះ ក្រុមសូលទីឡូអង្គរ នឹងត្រូវប្រកួតជាមួយក្រុមកំពុងលេងនៅលីកទី៣របស់ចិន Yunnan Liiang នារសៀលម៉ោង១(ម៉ោងនៅកម្ពុជា) ហើយក្រុមទ័ព នឹងត្រូវជួបក្រុមមកពីប្រទេសវៀតណាម Ha Noi FC នៅរសៀលម៉ោង ៣ បន្ទាប់។

សម្រាប់ការប្រកួតបើកឆាកកន្លងមក ក្រុមសូលទីឡូអង្គរ និងក្រុមទ័ព សុទ្ធតែបានបញ្ចប់ក្នុងលទ្ធផលស្មើ ដោយក្នុងនោះក្រុមសូលទីឡូអង្គរ បានស្មើ ០-០ ជាមួយក្រុមលេងនៅលីកកំពូលរបស់ថៃ Air Force Central ០-០ ឯក្រុមក្រសួងការពារជាតិ បានស្មើ ១-១ជាមួយក្រុមមកពីម៉ាឡេស៊ី UITM FC ខណៈព្រឹត្តិការណ៍នេះ មាន១២ក្រុមចូលរួមតំណាងឲ្យ៩ប្រទេស និងត្រូវចែកការប្រកួតជា៣ពូល៕