ក្រសួងការពារជាតិ(ទ័ព) បានកត់ត្រានូវជ័យជម្នះដ៏គួរឲ្យកត់សម្គាល់មួយលើក្រុមវៀតណាម Ha Noi FC ដើម្បីកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយនៃការប្រកួតពានរង្វាន់ Yunan ASEAN International Open Tournament 2017 នៅប្រទេសចិន ប៉ុន្តែក្រុមសូលទីឡូអង្គរ បានជួបការបរាជ័យយ៉ាងចាស់ដៃមួយ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះចិន Yunnan Liiang។

បើទោះបីជាការប្រកួតជម្រុះលើកទី១ ប្រចាំពូលB ក្រុមទ័ព របស់កម្ពុជា បានត្រឹមស្មើក្រុម១-១ ជាមួយក្រុមមកពីម៉ាឡេស៊ី UITM FC ប៉ុន្តែសម្រាប់ការប្រកួតលើកទី២ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្រុមទ័ព បានយកឈ្នះក្រុម Ha Noi FC ២-១។ លទ្ធផលនេះបានធ្វើឲ្យក្រុមទ័ព ឡើងទៅឈរនៅកំពូលតារាងជាបណ្តោះអាសន្ន ហើយក៏បានកក់កៅអីនៅវគ្គ ៨ក្រុមចុងក្រោយផងដែរ ព្រោះការប្រកួតចុងក្រោយទ័ព ត្រូវជួបក្រុមមកពីហ្វីលីពីន Stallion Laguna FC ដែលមិនបានបង្ហាញវត្តមាន នៅពេលពួកគេត្រូវជួបក្រុម Ha Noi FC ក្នុងការប្រកួតបើកឆាក។

ផ្ទុយពីនេះក្រុមសូលទីឡូអង្គរ បានចាញ់ក្រុមលេងនៅលីកទី៣របស់ចិន Yunnan Liiang ៣-០។ លទ្ធផលនេះបានជួយឲ្យ Yunnan Liiang បានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិផងដែរ បើទោះបីជានៅសល់ ១ប្រកួតទៀតក៏ដោយ ព្រោះការមាន ៦ពិន្ទុជាមួយការឈ្នះទាំង ២ប្រកួត វាគ្រប់គ្រាន់សម្រាប់ពួកគេទៅវគ្គហើយ។

ចំណែកក្រុមសូលទីឡូអង្គរ ដែលមាន ១ពិន្ទុ ព្រោះបានស្មើក្រុម Air Force Central ១-១ ក្នុងការប្រកួតបើកឆាកនោះ ក៏នៅមិនទាន់អស់ឱកាស ក្នុងការឡើងទៅវគ្គបន្តដែរ។ បើសិនជា សូលទីឡូអង្គរ អាចយកឈ្នះក្រុម Karketu Dili របស់ទីម័រខាងកើត ក្នុងការប្រកួតជម្រុះលើកចុងក្រោយ គឺពួកគេអាចនឹងមានឱកាសទទួលបានលេខ២ ក្នុងពូលA នេះ ឬក៏អាចជាប់លេខ៣ល្អ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Yunan ASEAN International Open Tournament 2017 នេះ មាន១២ក្រុមចូលរួម មកពីប្រទេសចំនួន៩។ ក្រុមទាំង ១២នេះ ត្រូវបានបែកចែកការប្រកួតជា ៣ពូល ហើយក្រុមទទួលបានលេខ១ និងលេខ២ តាមពូលទាំង៣ រួមទាំងក្រុមលេខ៣ល្អចំនួន២ក្រុមទៀត សរុប ៨ក្រុម នឹងត្រូវឡើងទៅប្រកួតនៅវគ្គ​ ៨ក្រុមចុងក្រោយជាបន្តទៀត៕