ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បានបញ្ជាក់ថា ជុំវិញព័ត៌មានខ្លួនបដិសេធមិនទៅលេងឲ្យក្លឹប Boavista FC សមាជិកលីគកំពូលប្រទេសព័រទុយហ្គាល់ វាគឺជាការពិត ដោយសារការចរចាលក្ខខណ្ឌមិនត្រូវគ្នា និងមិនទាន់ស្វែងយល់ពីស្ថានភាពរស់នៅនៅទីនោះជាដើម ។ ការថ្លែងឲ្យដឹងបែបនេះ គឺបន្ទាប់ពីកីឡាករឆ្នើម ចាន់ វឌ្ឍនាកា បានបញ្ចប់កិច្ចសន្យាខ្ចីជើងជាមួយក្លឹប Fujieda MYFC របស់ជប៉ុនជាផ្លូវការ ហើយវិលត្រឡប់មកដល់មាតុភូមិរបស់ខ្លួនវិញ កាលពីល្ងាចម្សិលមិញ ។

វឌ្ឍនាកា បាននិយាយថា «ការបដិសេធនេះ គឺជាការពិត ។ ពួកគាត់(ក្លឹប Boavista) បានទាក់ទងមកមែន ក៏ប៉ុន្ដែយើងអត់ទទួលសំណើរគាត់ទេ ព្រោះអីសំណើររបស់គាត់ វាហាក់បីដូចជា អត់ត្រូវគ្នាជាមួយនឹងការចរចា ។ អញ្ចឹងវាពិបាកក្នុងការទៅលេងនៅទីនោះ។ ម្យ៉ាងយើងអត់ទាន់បានដឹងពីស្ថានភាពនៅទីនោះ ហើយកុងត្រាហ្នឹង វាល្អដែរ តែយើងមិនទាន់ហ៊ានសម្រេចចិត្តទៅរស់នៅឆ្ងាយនៅឡើយ គឺសុខចិត្តលេងឲ្យក្លឹបក្នុងតំបន់ ដែលយើងអាចបង្ហាញខ្លួនបានច្រើនវិញ បន្ទាប់មកទើបយើងអភិវឌ្ឍន៍ខ្លួនតទៅទៀត»។

សូមបញ្ជាក់ថា ក្លឹប Boavista FC គឺជាក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៨ នៃលីគកំពូលព័រទុយហ្គាល់ ប៉ុន្ដែមិនមែនមានតែក្លឹបបរទេសនេះទេ ដែលបានទាក់ទង ចាន់ វឌ្ឍនាកា ស្របពេលកូនប្រុសអភិបាលខេត្តកំពតរូបនេះ ជិតផុតកុងត្រាជាមួយក្លឹប Fujieda MYFC ពោលគឺមានក្លឹបជាច្រើនទៀត ប៉ុន្ដែបច្ចុប្បន្ន វឌ្ឍនាកា បានចុះកុងត្រាជាមួយក្លឹបថ្មី ដែលខ្លួនពេញចិត្តជាផ្លូវការហើយ តែមិនទាន់ប្រាប់ឈ្មោះក្លឹបនោះទេ ។ នេះបើតាមការអះអាងរបស់សាមីខ្លួន បន្ទាប់ពីចុះពីលើយន្ដហោះកាលពីម្សិលមិញ៕
អត្ថបទ៖ Khmertalking