(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់ «គុនខ្មែរអន្ដរជាតិ» លើកទី១ (1st World Kun Khmer) ឆ្នាំ២០១៧ នឹងបើកការប្រកួតផ្លូវការនាល្ងាចថ្ងៃទី៨ ខែធ្នូនេះហើយ នៅវិមានពហុកីឡដ្ឋានជាតិ ដែលនឹងធ្វើឡើងក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រួមទាំងថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុប ១១ប្រទេស ដែលត្រៀមប្រកួតលើសង្វៀនប្រវត្តិសាស្ដ្រនេះផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រដាល់ «គុនខ្មែរអន្ដរជាតិ» លើកទី១ ដែលរៀបចំឡើងក្រោមកិច្ចសហការរវាង NOCC ជាមួយសហព័ន្ធគុនខ្មែរអន្ដរជាតិ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរនេះ គ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨-១០ ខែធ្នូ ឆ្នាំ២០១៧ លើសង្វៀនក្នុងវិមានពហុកីឡដ្ឋានជាតិតែមួយគត់ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុប ៤៦នាក់មកពី ១១ប្រទេសចូលរួម។ នេះបើតាមការបញ្ជាក់របស់មន្ដ្រីគណៈកម្មការរៀបចំក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗ។

ដោយឡែកចំពោះកម្មវិធីប្រកួតបើកឆាកថ្ងៃនេះ គឺមាន ៦គូ ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជា ៤នាក់ផងដែរ ដូចជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឃីម ឌីម៉ា ត្រូវជួបកីឡាករថៃ Kev Kung Vann, កីឡាករ ដុំ កែវដា ជួបកីឡាករអូស្ដ្រាលី Adam Prince, កីឡាករ សេន ប៊ុនថេន ប៉ះកីឡាករអ៊ីរ៉ង់ Amirhossein Ebrahimi និងកីឡាការិនី អេ យ៉ានុត កូនស្រីលោក អេ ភូថង ត្រូវជួបកីឡាការិនីបារាំង Emilie Petrovic រួមទាំងជំនួបកីឡាករបរទេស និងបរទេស ២គូទៀត គឺកីឡាករអ៊ីរ៉ង់ Mostafa ប៉ះកីឡាករអ៊ុយក្រែន Lytvynenko Artem និងកីឡាករអ៊ីរ៉ង់ Sajjad ជួបកីឡាករ Manuel មកពីនីហ្សេរីយ៉ា។

គួរបញ្ជាក់ថា គោលបំណងសំខាន់ក្នុងការរៀបចំព្រឹត្តិការណ៍ «គុនខ្មែរអន្ដរជាតិ» គឺដើម្បីបំផុសកីឡាគុនខ្មែរ (ប្រដាល់សេរី) ឲ្យកាន់តែល្បីល្បាញលើឆាកអន្ដរជាតិ តាមរយៈគម្រោងពង្រីកព្រឹត្តិការណ៍នេះ ទៅតាមបណ្ដាប្រទេសផ្សេងៗលើពិភពលោក ហើយគៀងគរប្រទេសឲ្យចូលរួមឲ្យបានយ៉ាងហោច ៧០ប្រទេសនាពេលអនាគត។ អ្វីដែលពិសេសគឺការរៀបចំ ដើម្បីទទួលបាននូវបទពិសោធន៍កាន់តែច្រើន សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC កាលពីពេលថ្មីៗកន្លងទៅ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ លើកទី១ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែធ្នូចុងសប្ដាហ៍នេះ គឺមានកីឡាករចូលរួមសរុប ៤៦នាក់ ស្មើនឹង ២៣គូ ដែលនឹងត្រូវប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិលើសង្វៀនក្នុងវិមានពហុកីឡដ្ឋានជាតិតែមួយគត់ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី ពុំមានការលក់សំបុត្រអ្វីឡើយ។ ចំពោះកីឡាករតំណាងឲ្យប្រទេសចូលរួម មានដូចជាប្រេស៊ីល, បារាំង, អូស្ដ្រាលី, នេប៉ាល់, រុស្ស៊ី, អ៊ុយក្រែន, នីហ្សេរីយ៉ា, អ៊ីរ៉ង់, ថៃ, ឡាវ និងម្ចាស់ផ្ទះកម្ពុជា៕

Via: khmertalking