ម្ចាស់មេដាយមាសពីការប្រកួតស៊ីហ្គេម ឆ្នាំ២០១៧ ឃីម ឌីម៉ា នឹងត្រូវប្រឈមជាមួយជើងខ្លាំងរបស់ថៃ ក្នុងការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ លើកទី១ ជាផ្លូវការ នៅក្នុងពហុកីឡាដ្ឋានជាតិ នាល្ងាចថ្ងៃសុក្រនេះ រីឯ ឌុម កែវដា និងកីឡាការិនី អេ យ៉ានុត ក៏ត្រូវជួបអ្នកប្រយុទ្ធមកពីបារាំង និងអូស្រ្តាលី ថ្ងៃនេះដែរ។

នៅក្នុងការប្រកួតគុនខ្មែរអន្តរជាតិ ជាលើកដំបូងនេះ គឺមានការប្រកួតចំនួន ៦គូ ដោយមានការផ្សាយផ្ទាល់តាមទូរទស្សន៍ប៉ុស្តិ៍លេខ៥ ប៉ុន្តែសម្រាប់ការប្រកួតថ្ងៃទី១ នេះ ម្ចាស់ផ្ទះកម្ពុជា មានការប្រកួតតែ ៣នាក់ទេ ដោយក្នុងនោះ ឃីម ឌីម៉ា ត្រូវប៉ះថៃ Kev Kung Vann រីឯកីឡាការិនី អេ យ៉ានុត ជួបបារាំង Emilie Petrovic ហើយ ឌុម កែវដា ត្រូវប្រឈមជាមួយអូស្រ្តាលី Adam Princ។

នេះជាលើកទី២ ហើយដែល ឃីម ឌីម៉ា បានបង្ហាញសមត្ថភាពនៅលើសង្វៀន បន្ទាប់ពីរូបគេបានឈ្នះមេដាយមាស ការប្រកួតប្រដាល់សេរី ក្នុងស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ខណៈការបង្ហាញលើកទី១ ក្នុងព្រឹត្តិការណ៍ Khmer Thai Fight នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ ឃីម ឌីម៉ា បានយកឈ្នះអ្នកប្រដាល់ Dmltrii Mordvinov របស់រុស្ស៊ី ដោយពិន្ទុ។

ឃីម ឌីម៉ា ធ្លាប់ប្រកួតឈ្នះ៩៨ដង ចាញ់១០ ស្មើ២ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ ២០លើក គឺតិចជាង Kev Kong Vann ដែលធ្លាប់ប្រកួតឈ្នះ ១១០ដង ចាញ់១៥ ស្មើ៥ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បានចំនួន ២៥លើក ហើយម្ចាស់ខ្សែក្រវាត់ប៉ុស្តិ៍លេខ៧ របស់ថៃម្នាក់នេះ ធ្លាប់ឈ្នះ សេក គឹមរួន ឈ្នះ មាស ច័ន្ទមាន ឈ្នះ ឌុម កែវដា និងឈ្នះ សេង ស្រឿន។

ឃីម ឌីម៉ា បានទទួលស្គាល់ពីភាពខ្លាំងរបស់ Kev Kong Vann ប៉ុន្តែគេនិយាយថា៖ «ដៃគូរបស់ខ្ញុំខ្លាំងដែរ ប៉ុន្តែខ្ញុំនៅតែមានទំនុកចិត្តឈ្នះខ្ពស់ គ្រាន់តែការឈ្នះនោះ អាចនឹងមានការលំបាក»។

គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ លើកទី១ ឆ្នាំ២០១៧នេះ មានការប្រកួតសរុបចំនួន ២៣គូ ដោយមានអ្នកប្រដាល់មកពី ១០ប្រទេស។ នៅថ្ងៃសុក្រនេះ មានការប្រកួត ៦គូ ឯនៅថ្ងៃសៅរ៍មានការប្រកួតរហូតដល់ ៩គូ និងថ្ងៃអាទិត្យ មាន ៨គូ ខណៈការប្រកួតត្រូវចាប់ផ្តើមពីម៉ោង ៥ល្ងាចតទៅដូចគ្នា៕