នៅទីបំផុត ក្រុមក្រសួងការពារជាតិ(ទ័ព) បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Yunan ASEAN International Open Tournament 2017 នៅប្រទេសចិនហើយ ខណៈពួកគេបានចាញ់គូសត្រូវចាស់ UITM FC របស់ម៉ាឡេស៊ី ក្នុងការប្រកួតវគ្គ៨ក្រុម កាលពីព្រឹកថ្ងៃចន្ទនេះ។

តាមរយៈការប្រកួតនោះ ក្រុមក្រសួងការពារជាតិ បានចាញ់ក្រុម UITM FC ក្នុងលទ្ធផល ៣-២ ដែលលទ្ធផលនេះ វាខុសពីការជួបគ្នាក្នុងវគ្គចែកពូលរបស់ក្រុមទាំង២ ដោយក្នុងនោះក្រុមក្រសួងការពារជាតិ បានស្មើ ១-១។

ខ្សែប្រយុទ្ធជនជាតិកូរ៉េខាងជើង Cheo Myong Ho និង ភួង សុខសាណា ជាអ្នករកបានគ្រាប់បាល់ឲ្យក្រុមទ័ព ប៉ុន្តែ Cheo Myong Ho ក៏បានធ្វើឲ្យបាត់បង់ឱកាសមាស១គ្រាប់ផងដែរ ដោយសារកីឡាកររូបនេះ ស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល ស្របពេលក្រុម UITM បាននាំមុខ ២-១ នៅដើមតង់ទី២។

ការបរាជ័យរបស់ក្រុមទ័ព បានធ្វើក្រុមតំណាងឲ្យកម្ពុជាទាំង២ក្រុម បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Yunan ASEAN International Open Tournament 2017 ទាំង២ក្រុមតែម្តង គឺក្រុមទ័ព បានធ្លាក់ក្នុងវគ្គស្វែង៨ក្រុមចុងក្រោយ ខណៈក្រុមសូលទីឡូអង្គរ បានធ្លាក់ក្នុងវគ្គចែកពូល ជាមួយការស្មើ១ និងចាញ់២ប្រកួត៕