ក្រុមប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន៣ និងមេដាយសំរឹទ្ធចំនួន២ទៀត ពីការប្រកួតកីឡាប៉េតង់កម្រិតអាស៊ី ដែលមានឈ្មោះថា 1st Asian Boules Sport Confederation Petanque Championship 2017(ABSC) ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២បន្ទាប់ពីម្ចាស់ផ្ទះថៃ។

តាមរយៈការប្រកួត៤ថ្ងៃ នៅទីក្រុងបាងកក ហើយបានបញ្ចប់កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ កីឡាករ ឃួន លីហ័រ បានឈ្នះមេដាយមាសឲ្យកម្ពុជា មុនគេ លើវិញ្ញាសាវាយយកពិន្ទុផ្នែកយុវជន បន្ទាប់ពីរូបគេបានបន្តយកឈ្នះលើកីឡាកររបស់ម៉ាឡេស៊ី ៣៦-២៩ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។

បន្ថែមលើនេះ ឃួន លីហ័រ បានសហការជាមួយមិត្តរួមក្រុមចំនួន៣នាក់ទៀត រួមមានកីឡាករ ហៀប វ៉ាឃីម, កុយ សុភក្រ្តា និង កែវ ភក្តី (បម្រុងម្នាក់) ក្នុងការឈ្នះមេដាយមាស លើវិញ្ញាសាប្រកួតជាក្រុម បន្ទាប់ពីពួកគេបានក្រុមថៃ ១៣-៧ ក្នុងវគ្គផ្តាច់ព្រ័ត្រ បន្ថែមទៅលើការទម្លាក់ក្រុមវៀតណាម ជាមួយការឈ្នះ ១៣-៧ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីម្សិលមិញនោះ។

ចំណែក ក្រុមបុរសរបស់កម្ពុជា ដែលមានម្ចាស់មេដាយមាសពិភពលោក សុខ ច័ន្ទមាន, ថោង ឈឿន, យ៉ា ច័ន្ទដារ៉ារិទ្ធ និងកីឡាករ ឃីម សុភក្រ្ត (បម្រុងម្នាក់) បានយកឈ្នះក្រុមម៉ាឡេស៊ី ១៣-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបានបន្តយកឈ្នះក្រុមថៃ ១៣-៩ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះបានមេដាយមាសទី៣ ឲ្យកម្ពុជា។

កីឡាករ សុខ ច័ន្ទមាន ក៏បានឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រកួតវិញ្ញាសាវាយយកពិន្ទុ កាលពីថ្ងៃអាទិត្យ ផងដែរ បន្ទាប់ពីរូបគេបានចាញ់កីឡាករថៃជាមួយពិន្ទុ ៤៤ ទល់នឹង៣៣ នោះ។ រីឯម្ចាស់មេដាយមាសពិភពលោក អ៊ុក ស្រីមុំ បានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាវាយយកពិន្ទុនេះដែរ ព្រោះកីឡាការិនីជើងចាស់រូបនេះ បានចាញ់កីឡាការិនីចិនជាមួយពិន្ទុ ៣១-២៧។

ប៉ុន្តែការប្រកួតជាក្រុមនារីរបស់កម្ពុជា ដែលមានម្ចាស់មេដាយមាស៣សម័យកាល កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ាណ និងកីឡាការិនី ដួង ឌីណា(បម្រុងម្នាក់) មិនដណ្តើមបានមេដាយទេ ព្រោះបានចាញ់ក្រុមនារីរបស់ថៃ ១៣-០ ក្នុងវគ្គខ្វែង៨ក្រុមចុងក្រោយ។

យោងតាមលទ្ធផលនៃការប្រកួតនេះ កម្ពុជា បានឈ្នះមេដាយមាស៣ និងសំរឹទ្ធ២ គឺតិចជាងម្ចាស់ផ្ទះថៃ ដែលឈ្នះបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៤ ក្នុងការប្រកួតទាំង៦វិញ្ញាសា ក្នុងព្រឹត្តិការណ៍នេះ។ រីឯក្រុមវៀតណាម ឈរនៅចំណាត់ថ្នាក់លេខ២ ដោយឈ្នះបានមេដាយប្រាក់២ សំរឹទ្ធ២ គឺច្រើនជាងប្រទេសម៉ាឡេស៊ី ដែលឈ្នះបានមេដាយប្រាក់១ សំរឹទ្ធ១ ប្រទេសចិន ឈ្នះបានមេដាយប្រាក់១ ហើយក្រុមប៉េតង់មកពីប្រទេសឥណ្ឌា និងជប៉ុន ឈ្នះបានមេដាយសំរឹទ្ធ១ ដូចគ្នា៕