ក្រុមតោខៀវ Chelsea និងក្រុមបិសាចក្រហម Manchester United នឹងសម្លឹងរកជ័យជម្នះដូចគ្នានៅរាត្រីនេះ នៅពេលដែលពួកគេជួបជាមួយនឹងក្រុម Roma និង Benfica ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គចែកពូលរៀងៗខ្លួន។

ក្រុម Chelsea របស់លោក Antonio Conte ក៏អាចពង្រឹងទីតាំងរបស់ខ្លួននៅលើកំពូលតារាងនៃពូលផងដែរ តាមរយៈការកត់ត្រាជ័យជម្នះជាលើកទី៣ បើទោះបី Roma អាចនឹងចូលជំនួសកន្លែងរបស់ក្រុមតោខៀវមួយនេះ ប្រសិនបើពួកគេឈ្នះនៅលើទឹកដី Stamford Bridge ក៏ដោយ។ ក្រុម Chelsea បានចាញ់ ២-១ នៅលើទឹកដីក្រុម Crystal Palace កាលពីថ្ងៃសៅរ៍។ ក្រុម Roma បានរងបរាជ័យ ១-០ នៅលើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Napoli ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីចុងសប្តាហ៍ថ្មីៗនេះ និងឈ្នះតែ១លើកគត់ ក្នុងចំណោមការធ្វើដំណើរទៅប្រកួតលើទឹកដីអង់គ្លេស ចំនួន ១៥លើកកាលពីមុន។

ស្របពេលជាមួយគ្នានេះ Man United របស់លោក Jose Mourinho អាចនឹងបោះជំហានដ៏ធំមួយឆ្ពោះទៅកាន់ការបង្ហាញខ្លួនជាលើកទី១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ បើគិតចាប់តាំងពីរដូវកាលឆ្នាំ២០១៣-២០១៤ តាមរយៈការដណ្តើមបានជ័យជម្នះនៅលើទឹកដីក្រុម Benfica។ ក្រុមម្ចាស់ជើងឯករបស់ព័រទុយហ្គាល់មួយនេះ បានរងបរាជ័យយ៉ាងចាស់ដៃក្នុងលទ្ធផល ៥-០ លើទឹកដីក្រុម Basel ក្នុងការប្រកួតពូល A កាលពីជុំមុន ក្រោយពីចាញ់ក្រុម CSKA Moscow ២-១ ក្នុងការប្រកួតកាលពីថ្ងៃបើកឆាកនៃពូលរបស់ខ្លួន។

Man United បានកម្តៅសាច់ដុំសម្រាប់ការប្រកួតនេះ តាមរយៈការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Liverpool ក្នុងការប្រកួតលីករបស់អង់គ្លេស Premier League កាលពីថ្ងៃសៅរ៍។ ក្រុមបិសាចក្រហមមួយនេះ បានកត់ត្រាជ័យជម្នះក្នុងការប្រកួតបើកឆាកនៃយុទ្ធនាការ Champions League វគ្គចែកពូលរបស់ខ្លួនទាំង ២លើក តាមរយៈការផ្តួលក្រុម Basel ៣-០ មុននឹងយកឈ្នះលើក្រុម CSKA ៤-១ កាលពី៣សប្តាហ៍មុន។ ការប្រកួតទាំងពីរគូនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Sport24