ក្រុម Chelsea បានគេចផុតពីការភិតភ័យដោយសារតែ Eden Hazard តាមរយៈការដណ្តើមបានលទ្ធផលស្មើ ៣-៣ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដ៏រំភើបមួយជាមួយនឹងក្រុម Roma ស្របពេលដែលក្រុម Manchester United, Barcelona, Paris Saint-Germain, Bayern Munich និង Juventus សុទ្ធសឹងបានទទួលជ័យជម្នះដូចគ្នា។

Hazard បានតែតដើម្បីរកគ្រាប់បាល់ទី២ របស់គេ ក្រោយពីការបញ្ជូនបាល់យ៉ាងល្អពីសំណាក់ Pedro Rodriguez ពីតំបន់ខាងឆ្វេងនៃកីឡដ្ឋាន Stamford Bridge ដើម្បីសង្គ្រោះដល់ក្រុម Chelsea ក្រោយពីពួកគេបានខ្ជះខ្ជាយឱកាសនាំមុខ ២គ្រាប់របស់ពួកគេ ពេលជួបក្រុមរបស់អ៊ីតាលីមួយនេះ។

លទ្ធផលនេះ ធ្វើឲ្យ Chelsea នៅតែបន្តគ្រប់គ្រងក្នុងពូល C ដោយមាន៧ពិន្ទុ ពោលគឺនាំមុខ ២ពិន្ទុពីលើក្រុម Roma និង ៥ពិន្ទុពីលើក្រុម Atletico Madrid។

ក្នុងនាមជាក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៤ និងឆ្នាំ២០១៦ ក្រុម Atletico ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ប៉ុណ្ណោះនៅលើទឹកដីអាស៊ែបៃហ្សង់ នៅពេលប្រកួតជាមួយនឹងក្រុម Qarabag FK ដែលបានទទួលពិន្ទុក្នុងការប្រកួតក្រខ័ណ្ឌ Champions League ជាលើកទី១របស់ពួកគេ បើទោះបីបាត់បង់ខ្សែប្រយុទ្ធអន្តរជាតិអាហ្វ្រិកខាងត្បុង ដោយសារតែការពិន័យកាតក្រហមក៏ដោយ។

លោក Antonio Conte អ្នកចាត់ការទូទៅរបស់ Chelsea បានឲ្យដឹងថា៖ «វាពិតជាយុត្តិធម៌។ វាគឺជាការប្រកួតដ៏លំបាកមួយពេលជួបក្រុមខ្លាំងមួយ។ ក្រៅពីតង់ទី១ យើងបានជួបបញ្ហា។ ការបង្ហាញពីទម្រង់លេងរបស់យើងល្អ ប៉ុន្តែ ពិតណាស់ បាល់ទាត់របស់យើងមានភាពផ្សេងជាងមុននៅថ្ងៃនេះ»។ ការបញ្ចប់ក្នុងលទ្ធផលស្មើរបស់ Chelsea ក៏បានធ្វើឲ្យក្រុមអង់គ្លេសទាំង៥ក្នុងយុទ្ធនាការនេះ សុទ្ធសឹងដណ្តើមបានពិន្ទុដូចគ្នានៅពាក់កណ្តាលសប្តាហ៍នេះ ខណៈដែល Man United បានដណ្តើមជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Benfica ដើម្បីរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងពូល A៕

វីឌីអូហាយឡាយការប្រកួតរវាង Chelsea និង Roma ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia