ម្ចាស់​​ពាន​រង្វាន់​ Champion Snooker League លោក​ មួន​ ម៉ារ៉ា​ បង្ហើប​ថា​ឥលូវ​នេះ​សម្លឹង​ឃើញ​កីឡាករ​ដែល​មាន​ថ្វីដៃ​ល្អ​ជា​បណ្ដើរ​ៗ​ហើយ​ តាម​រយៈ​ការ​ប្រកួត​ ៤-៥​ សប្ដាហ៍​នេះ។​

លោក​ មួន​ ម៉ារ៉ា​ ម្ចាស់​ក្លឹប​ Champion Snooker​ បាន​ឲ្យ​ដឹង​ថា​ មក​ដល់​សប្ដាហ៍​ទី៥​នេះ​ការ​ប្រកួត​ដំណើរ​ការ​ល្អ​ជា​ធម្មតា​ បើ​ទោះ​ជា​មាន​ការ​ផ្លាស់ប្ដូរ​បេក្ខភាព​មួយ​ចំនួន​ក្ដី​ តែ​កីឡាករ​ទាំង​អស់​រឹតតែ​បង្កើន​សមត្ថភាព​ថែ​ទៀត​ ដើម្បី​ស្វែង​រក​ពិន្ទុ​បន្ថែមក្នុង​ការ​ដណ្ដើម​យក​ពាន​រង្វាន់​នៅ​ពេល​បញ្ចប់​ការ​ប្រកួត។​

ម្ចាស់​ក្លឹប​ខាង​លើ​បន្ត​ថា​ សមត្ថភាព​កីឡាករ​មួយ​ចំនួន​គឺ​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង​ ពោល​គឺ​ពិន្ទុ​ប្រដំប្រសងគ្នា​ខណៈ​ពិន្ទុ​ក្នុង​ហ្វេម​ និង​ចំនួន​ហ្វេម​ក៏​ដូច​គ្នា​ដែរ​ ដូច្នេះ​អាច​ថា​វា​ហាក់​ដូច​ជា​តានតឹង​បន្តិច​សម្រាប់​កីឡាករ​និមួយៗ​ពេល​ប៉ះ​គ្នា។​ បើ​តាម​ការ​សង្កេត​របស់​លោក​ មើល​ឃើញ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ស្នូរឃ័រ​មួយ​នេះ​ពិតជា​ចម្រាញ់​រក​បាន​កីឡាករ​ថ្មី​ និង​ល្អ​ជា​បណ្ដើរៗ​ហើយ​ជាក់​ស្ដែង​ដូច​ជា​បេក្ខភាព​ សួន​ ឆាយ​ ផែន​ ណារ៉ុង​ សុខ​ ភារ៉ា​ និង​ ច្រឹង​ ភារម្យ​ ជា​ដើម​ សុទ្ធ​តែ​អ្នក​ដែល​មាន​ថ្វី​ដៃ​ល្អ​និង​លេច​ធ្លោ​នា​ពេល​បច្ចុប្បន្ន។​

អតីត​តារា​ចម្រៀង​រូប​នេះ​បន្ថែម​ជា​ចុង​ក្រោយ​ថា​ សម្រាប់​ប្រិយមិត្ត​ដែល​និយម​កីឡា​ស្នូរឃ័រ​នៅ​កម្ពុជា​ទាំង​អស់​ បើ​សិន​ចង់​ទស្សនា​ការ​ប្រកួត​ផ្ទាល់​ក៏​អាច​អញ្ជើញ​មក​ក្លឹប​ Champion Snooker​ ទាំង​ពីរ​ទីតាំង​ទី១​ ក្បែរ​ផ្សារ​ដេប៉ូ​ និង​ទី២​ នៅ​ផ្ទះ​លេខ​ ២២​ សង្កាត់​បឹងកក់២​ ខណ្ឌ​ទួលគោក​ រៀងរាល់​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ ឬ​អាច​តាមដាន​ការ​ផ្សាយ​ផ្ទាល់​របស់​ហ្វេសបុក​ផេក​ Champion Snooker​ ក៏​បាន​ដែរ​ ក្រៅ​ពី​នេះ​ក្លឹប​របស់​លោក​ក៏​មាន​តាប​ស្នូរឃ័រ​ទំនេរ​សម្រាប់​ឲ្យ​អ្នក​ដែល​ចង់​លេង​កម្សាន្ត​នៅ​ទី​នោះ​ទៀត​ផង​។​

សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ Champion Snooker League​ លើក​ទី១​ ធ្វើ​ឡើង​រៀងរាល់​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍​ អាទិត្យ​ ដែល​មាន​កីឡាករ​ចូលរួម​ប្រកួត​២៤នាក់​ ហើយ​គិត​មក​ដល់​ពេល​នេះ​ដំណើរ​ការ​ប្រកួត​ដល់​សប្ដាហ៍​ទី៥​មក​ហើយ៕​
Via: Sabay Sport