(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យសុខភាព និងធ្វើតេស្ដសមត្ថភាពជោគជ័យ កីឡាករកម្ពុជា កែវ សុខផេង បានចុះកិច្ចសន្យាភ្លាមៗជាមួយក្រុមទើបឡើងមកពីលីគទី២ ម៉ាឡេស៊ី PKNP FC ដែលត្រៀមចូលរួមប្រឡូកក្នុងលីគកំពូលម៉ាឡេស៊ីនារដូវកាលក្រោយ។ ដូច្នេះតើចង់ដឹងទេ កីឡាករត្រៀមចាកចេញពីក្លឹបភ្នំពេញក្រោន ទៅលេងលីគកំពូលម៉ាឡេស៊ីនេះ ក្រៅពីទទួលបានប្រាក់ខែខ្ពស់ហើយ នឹងទទួលបានអ្វីបន្ថែម?
ក្រោយធ្វើដំណើរមកដល់កម្ពុជាកាលពីព្រឹកមិញ ខ្សែបម្រើក្រុមជម្រើសជាតិកម្ពុជារូបនេះ បានសុំមិនបង្ហើបពីចំនួនប្រាក់ខែ តែបានរៀបរាប់ពីប្រយោជន៍សំខាន់ៗមួយចំនួន ដែលទទួលបានពីការលេងឲ្យក្លឹប PKNP FC ១រដូវកាល នាឆ្នាំ២០១៨ខាងមុខ ក្នុងនោះមានផ្ទះ ១ខ្នង រថយន្ដ ១គ្រឿង (មិនទាន់ស្គាល់ម៉ាក) ការធានារ៉ាប់រងបញ្ហាសុខភាព និងផ្សេងៗទៀត។ ដូច្នេះ សុខផេង បានត្រៀមខ្លួនទៅលេងនៅទីនោះ ប្រកបដោយភាពកក់ក្ដៅបំផុត។
សូមបញ្ជាក់ថា PKNP FC គឺជាក្លឹបថ្មីទើបតែបង្កើតកាលពីឆ្នាំ២០១៥ ហើយការចូលរួមលើកដំបូង បានប្រកួតក្នុងក្របខណ្ឌលីគលំដាប់ទី៣ ឆ្នាំ២០១៥-២០១៦ បន្ទាប់មកទើបដណ្ដើមបានកៅអីឡើងមកលេងលីគទី២ ក្នុងឆ្នាំ២០១៦-២០១៧ មុននឹងឈានដល់ក្ដោបឱកាសដណ្ដើមបានកៅអីឡើងមកលេងលីគកំពូលម៉ាឡេស៊ី នាឆ្នាំ២០១៧-២០១៨ខាងមុខ។
ចំណែក កែវ សុខផេង គឺជាកីឡាករកម្ពុជាទី២ ដែលបានចុះកិច្ចសន្យាលេងឲ្យក្លឹបលីគកំពូលម៉ាឡេស៊ី បន្ទាប់ពីអតីតមិត្ដរួមក្រុមកីឡាករ ធារី ចន្ថាប៊ីន ដែលបានចុះកិច្ចសន្យាជាមួយក្លឹប Terengganu FA កាលពីពេលថ្មីៗកន្លងទៅ៕