កីឡាករ​ពូកែ​វ៉ៃ​ជង្គង់​ ឡុង​ សុភី​ ថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ការ​ប្រកួត​កម្រ​ចាញ់​ដោយ​សារ​តែ​រូប​គេ​ឈប់​ពី​ការងារ​ និង​ប្រមូល​អារម្មណ៍​ខំប្រឹង​ហ្វឹកហាត់​ឡើង​វិញ​ទើប​បាន​លទ្ធផល​ល្អ​ដូច​នេះ។​

ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ដោយ​១០​ប្រកួត​ចុង​ក្រោយ​នេះ​ធ្វើ​បាន​ល្អ​មែនទែន​ឈ្នះ​ស្ទើរ​ទាំង​អស់​ស្មើ​ម្ដង​ និង​ចាញ់១​ប៉ុណ្ណោះ។​ តាម​រយៈ​លទ្ធផល​ល្អ​ដូច​នេះ​ដោយ​សារ​បច្ចុប្បន្ន​រូប​គេ​មិន​ធ្វើ​ការ​អ្វី​នោះ​ទេ​ គឺ​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ហ្វឹកហាត់​បាន​ដិតដល់​ដើម្បី​ត្រៀម​ប្រកួត​នានា។​

ម្ចាស់​ខ្សែក្រវាត់​ Carabao​ ខាង​លើ​បន្ត​ថា​ ពី​មុន​រូប​គេ​បាក់​ទឹក​ចិត្ត​រួម​ផ្សំ​ការ​រវល់​បំពេញ​ការងារ​ផង​នោះ​ជា​ហេតុ​លទ្ធផល​ប្រកួត​មិន​សូវ​ជា​ល្អ​នោះ​ទេ​ តែ​ឥលូវ​រូប​គេ​នឹង​ខំប្រឹង​ប្រែង​ជា​បន្ត​ទៀត​ដើម្បី​ឲ្យ​ក្លាយ​ជា​ជើង​ខ្លាំង​កម្រិត​ A​ របស់​កម្ពុជា​ឡើង​វិញ​ និង​ជា​ការ​ស្ដារ​ប្រជាប្រិយភាព​ផង​ដែរ។​ ការ​មាន​កម្លាំង​ចិត្តហ្វឹកហាត់​ឡើង​វិញ​​នេះ​ក៏​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​គ្រួសារ​ឪពុក​ម្ដាយ​ផង​ដែរ។​

សម្រាប់​កីឡាករ​ជើង​ចាស់​ ឡុង​ សុភី​ ១០​ប្រកួត​ចុង​ក្រោយ​នេះ​គឺ​ចាញ់​តែ​ម្ដង​គត់​នៅ​ក្នុង​កម្មវិធី​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ និង​ស្មើ​១​ ក្រៅ​ពី​នោះ​ឈ្នះ​ទាំង​អស់​និង​ភាគ​ច្រើន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ទៀត​ផង​ ប្រកួត​ចុង​ក្រោយ​របស់​គេ​វ៉ៃ​កីឡាករ ឡាវ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ នា​ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​លើក​ទី១​ដែល​មាន​១១ប្រទេស​ចូលរួម​ទៀត​ផង៕​

Via: Sabay