ទីបំផុតក្រុមបាល់ទាត់បឹងកេតអែហ្វស៊ីរបស់កម្ពុជា មិនអាចបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship 2017 បានឡើយ ក្រោយប្រកួតចាញ់ក្រុមភ្ញៀវ Sanna Khanh Hao FC របស់វៀតណាម នៅក្នុងជំនួបជើងទី២ លើទីលានពហុកីឡដ្ឋានជាតិ ដែលទើបបញ្ចប់មុននេះ ដោយលទ្ធផល ៥-១។
កាលពីជើងទី១ ប្រកួតលើទឹកដីវៀតណាម ក្រុមទាំងពីរបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ៤-៤ ដែលលទ្ធផលនេះ ធ្វើឲ្យក្រុមបឹងកេតមានសង្ឃឹមខ្ពស់ក្នុងការដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែអ្វីៗបានត្រឹមសោកស្ដាយ បើទោះបីបន្ថែមកម្លាំងថ្មីកីឡាករ ចាន់ វឌ្ឍនាកា ក៏ដោយ។សរុបលទ្ធផលជួបគ្នាទាំង ២ជើង គឺក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមនេះ ចាញ់ក្រុម Sanna Khanh Hao FC ដោយលទ្ធផល ៩-៥។
តាមរយៈជ័យជម្នះនេះដែរ ក្រុមឈរលេខ៦ នៃលីគកំពូលវៀតណាម Sanna Khanh Hao FC ត្រូវបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប្រកួត ១ជើងក្រៅដីជាមួយក្រុមតំណាងលីគកំពូលឡាវ គឺក្រុម Lao Toyota នៅថ្ងៃទី១៧ ខែធ្នូខាងមុខ ដើម្បីស្វែងរកក្រុមខ្លាំង ឡើងទៅជួបក្រុមលីគំពូលថៃ Maungthong United ចំនួន២ជើង ដោយជើងទី១ ប្រកួតនៅថ្ងៃទី២៣ ខែធ្នូ ខណៈជើងទី២ ប្រកួតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ដើម្បីកំណត់ក្រុមជើងឯក។
បន្ថែមលើការដណ្ដើមបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងលើ ក្រុម Sanna Khanh Hao FC បានកក់ប្រាក់រង្វាន់ក្នុងដៃ ៣ម៉ឺនដុល្លារជាស្រេច មុនឈានទៅប្រជែងប្រាក់រង្វាន់ ៥ម៉ឺនដុល្លារ បើឈ្នះក្រុម Lao Toyota និងប្រាក់រង្វាន់៧ម៉ឺនដុល្លារ បើសិនគ្រងតំណែងជើងឯកពានរង្វាន់អនុតំបន់ទន្លេមេគង្គ ឆ្នាំ២០១៧។
ដោយឡែកក្រុមឈរកំពូលតារាងលីគកំពូលកម្ពុជា បឹងកេត ដែលធ្លាក់ត្រឹមវគ្គជម្រុះ ស្មើនឹងទទួលបានលេខ៤ ក៏ទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារជាការលួងចិត្តផងដែរ៕
កែសម្រួលដោយ៖ Cambosport
អត្ថបទ៖ KhmerTalking