ក្រុមអត្តពលិកកីឡាចំបាប់កម្ពុជាចំនួន ៩នាក់ ក្រោមការដឹកនាំរបស់គ្រូជនជាតិកូរ៉េ លោក Kim Soogil និងលោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលជាប្រធានប្រតិភូ កំពុងបោះជំរុំហ្វឹកហាត់ នៅក្នុងមជ្ឈមណ្ឌលកីឡារបស់សាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅកាន់ការប្រកួតកីឡាអាស៊ី និងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ប្រតិភូកីឡាចំបាប់កម្ពុជា បានចាក់ចេញពីមាតុប្រទេស កាលពីថ្ងៃពុធ ដើម្បីទៅបោះជំរុំហ្វឹកហាត់របស់រយៈពេល ១២ថ្ងៃនៅប្រទេសកូរ៉េ ខណៈការហូបចុក ស្នាក់នៅ និងការធ្វើដំណើរគ្រប់បែបយ៉ាង ភាគីកូរ៉េ ជាអ្នករ៉ាប់រង។ រីឯលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា ជាអ្នកបង់ថ្លៃទិដ្ឋាការចំនួន៧០០ដុល្លារ និងផ្តល់ជូនអ្នកទៅបោះជំរុំលើកនេះក្នុងម្នាក់១០០ដុល្លារ ផងដែរ។

លោក ធិន វិចិត្រ បានប្រាប់ថា៖ «ការទៅបោះជំរុំហ្វឹកហាត់នៅកូរ៉េ វាចំណេញច្រើនទៅដល់ការពង្រឹងគុណភាពអត្តពលិកវ័យក្មេងរបស់យើង ព្រោះក្នុងការបោះជំរុំ១២ថ្ងៃនេះយើងត្រូវហ្វឹកហាត់ជាមួយគេ និងប្រកួតធ្វើតេស្តដកស្រង់បទពិសោធជាមួយគេផង»។

កីឡាករ អេង ផានិត, ឆាំ ពិស៊ិន, ហេង វុទ្ធី, សឿន សុភាស់, ជុន ធួន កីឡាការិនី ឌន ស្រស់, អេង សេលាង, ឌិត សំណាង និងកីឡាការិនី ជា កញ្ញា គឺជាអត្តពលិក ដែលត្រូវបានជ្រើសរើសឲ្យទៅបោះជំរុំហ្វឹកហាត់ នៅកូរ៉េលើកនេះ ហើយពួកគេភាគច្រើនជាអត្តពលិកវ័យក្មេង ដែលមានសក្តានុពលរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣។

ជាមួយគ្នាទិសដៅវែងឆ្ងាយ ក្នុងការត្រៀមទៅស៊ីហ្គេម ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏គ្រោងសុំហ្វឹកហាត់រយៈពេលវែង នៅកូរ៉េ បន្តទៀតផងដែរ។ លោក ធិន វិចិត្រ បាននិយាយថា៖ «នេះជាការទៅបោះជំរុំរយៈពេលខ្លីទេ ប៉ុន្តែបន្ទាប់ពីការបោះជំរុំនេះ យើងនឹងសុំភាគីកូរ៉េ ដើម្បីឲ្យទទួលយកអត្តពលិករបស់យើងហ្វឹកហាត់រយៈពេលវែង នៅទីនោះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី ឆ្នាំ២០១៨ និងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣»៕