ក្រុមបឹងកេត ដែលទើបតែជួបការខកចិត្ត ដោយបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Toyota Mekong Club Championship 2017 ក្រោយចាញ់ក្រុមវៀតណាម Sanna Khanh Hoa ៥-១ កាលពីយប់ថ្ងៃពុធ នឹងត្រូវប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមណាហ្គាវើល នៃពានសម្តេចហ៊ុន សែន ឆ្នាំ២០១៧ ខណៈក្រុមអគ្គិសនីកម្ពុជា ត្រូវប្រកួតកាត់សេចក្តីជាមួយក្រុមព្រះខ័នរាជស្វាយរៀង។

លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត មានការជឿជាក់ថា ការចាញ់ក្រុមវៀតណាម នឹងធ្វើឲ្យកូនក្រុមរបស់លោក កាន់តែមានទឹកចិត្តប្រកួតជាមួយក្រុមណាហ្គាវើល ប៉ុន្តែលោកមិនបានមើលរំលើងពីភាពខ្លាំងរបស់ក្រុមណាហ្គាវើល ដែលបានយកឈ្នះបឹងកេត ១-០ ក្នុងជើងទី១នោះទេ។

លោក ហៅ សុជាតិ បានប្រាប់ថា៖ «ខ្ញុំគិតថា ការបាក់ទឹកចិត្តនេះ វានឹងជំរុញឲ្យកីឡាករមានទឹកចិត្តប្រកួតខ្លាំងពេលជួបក្រុមណាហ្គាវើល ព្រោះយើងមិនចង់ចាញ់តទៅទៀតទេ គឺយើងចង់ឈ្នះ ដើម្បីសាងមុខមាត់ជូនក្រុម ឡើងវិញ។ ប៉ុន្តែយើងមិនទាន់ប្រាកដកថា យើងអាចយកឈ្នះក្រុមណាហ្គាវើល ឬយ៉ាងណានោះទេ ព្រោះណាហ្គាវើល ជាក្រុមខ្លាំងមួយ និងមានគ្រាប់បាល់ចំណេញលើយើង»។

ចំណែក លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ក៏មិនទាន់ប្រាកដ ១០០ភាគរយថា នឹងអាចបន្តយកឈ្នះក្រុមបឹងកេត បាននោះដែរ ព្រោះនៅពេលនេះ កីឡាកររបស់លោក មានការធ្លាក់កម្លាំងចិត្តក្នុងការប្រកួត។

លោក មាស ចាន់ណា បានប្រាប់ថា៖ «ការត្រៀមខ្លួនរបស់យើងបានល្អហើយ ប៉ុន្តែការបារម្ភនៅត្រង់ថា កីឡាកររបស់យើងប្រមូលអារម្មណ៍មិនសូវបានល្អ។ ហេតុនេះហើយខ្ញុំនឹងព្យាយាមអូសទាញអារម្មណ៍របស់ពួកគាត់ ឲ្យវិលមករកភាពល្អប្រសើរវិញ ហើយខ្ញុំជឿថា អ្វីៗនឹងវិលមករកភាពល្អប្រសើរ ទម្រាំងដល់ថ្ងៃប្រកួត»។

គួរបញ្ជាក់ថា ក្រុមណាហ្គាវើល នឹងត្រូវប្រកួតជើងទី២ កាត់សេចក្តីរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦។ ចំណែកក្រុមអគ្គិសនីកម្ពុជា នឹងត្រូវធ្វើការប្រកួតកាត់សេចក្តីជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅល្ងាចម៉ោង៦ ថ្ងៃអាទិត្យ នេះដែរ ប៉ុន្តែការប្រកួតកាត់សេចក្តីជើងទី២នេះ ត្រូវធ្វើនៅនៅកីឡដ្ឋានស្វាយរៀងដដែល ខណៈការប្រកួតជើងទី១ ក្រុមស្វាយរៀង បានវាយបកតាមស្មើក្រុមអគ្គិសនីកម្ពុជា ២-២ ទាំងលំបាក៕