​លោក មាស ចាន់ណា គ្រូ​បង្គោល​ក្លឹប​ណាហ្គាវើល​បាន​អះអាង​ថា ​ប្រសិន​បើ​កូន​ក្រុម​​របស់​លោក​បន្ត​មាន​ឆន្ទៈ​ខ្ពស់​​ក្នុង​ការ​ប្រកួត​ ​នោះ​នឹង​លើក​ពាន Hun Sen Cup 2017។ ​

ជំនួប​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Hun Sen Cup ​​នា​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៧ ណាហ្គាវើល នឹង​​ប៉ះ​ក្រុម ព្រះខ័ន​រាជ​ស្វាយរៀង ដែល​ជា​ជំនួប​កាត់​ក្ដី​លើក​ពាន​ប្រចាំ​រដូវ​កាល២០១៧។ ក្រោយ​ណាហ្គាវើល យក​ឈ្នះ បឹង​កេត ៣-២ កាល​ពី​យប់​មិញ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ លោក​ មាស ចាន់ណា បាន​ឲ្យ​ដឹង​ថា កូន​ក្រុម​របស់​លោក​កំពុង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ប្រកួត ​ពិសេស​នា​ជំនួប​កាល​ពី​យប់​មិញ​នេះ​តែ​ម្ដង។

​លោក​បន្ថែម​ថា ​​​​ចំណុច​ភ័យ​ខ្លាច​បំផុត​របស់​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក គឺ​កូន​ក្រុម​របស់​ខ្លួន​មិន​បន្ត​មាន​ឆន្ទៈ​​ចង់​ឈ្នះ​ការ​ប្រកួត​ដូច​ពេល​នេះ។ ​ក្រៅ​ពី​បញ្ហា​មួយ​នេះ​លោក​ព្រួយ​បារម្ភ​មួយ​ចំណុច​ទៀត​គឺ​កាល​វិភាគ​​ការ​ប្រកួត​ញឹកញាប់​ពេក ពោល​គឺ​លោក​ត្រូវ​មាន​ភារកិច្ច​ប្រកួត​ Play Off លីគ​កំពូល​​ផង​ដែរ។

ការ​ប្រកួត​ Play Off លីគ​កំពូល​រវាង​ ណាហ្គាវើល និង​ក្រសួង​ការពារ​ជាតិ​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​​​ពហុ​កីឡដ្ឋាន​ជាតិ៕ ​