(ភ្នំពេញ)៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១១ ឆ្នាំ២០១៧ បានរកឃើញក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ គឺមានក្រុមបាល់ទាត់ណាហ្គាវើល និងក្រុមព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះលើគូប្រជែងរៀងៗខ្លួន ក្នុងការប្រកួតកាត់សេចក្ដីជើងទី២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ ។

សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀង គឺបានយកឈ្នះក្រុមអគ្គិសនីកម្ពុជា ក្នុងជំនួបជើងទី២ ដោយលទ្ធផល ៤-២ នៅក្នុងម៉ោងបន្ថែម ១៥នាទី ២ដង បន្ទាប់ពីឆ្លងកាត់ការប្រកួត ៩០នាទីស្មើគ្នា ១-១ ។ ដូច្នេះសរុបជួបគ្នា ២ជើងក្រុមព្រះខ័នរាជស្វាយរៀង ៦-៤ ជាមួយក្រុមអគ្គិសនីកម្ពុជា ។ ចំណែកក្រុមណាហ្គាវើល បានបន្ដយកឈ្នះក្រុមបឹងកេតជាលើកទី២ ដោយលទ្ធផល ៣-២ សរុបជួបគ្នា ២ជើងឈ្នះ៤-២ ។

ដោយឡែកកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមណាហ្គាវើល គណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) នៅមិនទាន់ប្រកាសនោះទេ តែនៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រនោះដែរ ក្រុមបឹងកេត និងក្រុមអគ្គិសនីកម្ពុជា ក៏ត្រូវជួបគ្នា ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ ៕