ក្រុមណាហ្គាវើល និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ បន្ទាប់ពីក្រុមទាំង២ បានទម្លាក់គូប្រជែងរៀងៗខ្លួន គឺក្រុមបឹងកេត និងក្រុមអគ្គិសនីកម្ពុជា ក្នុងការប្រកួតកាត់សេចក្តីជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ម្សិលមិញ។

តាមរយៈការប្រកួតនៅលើទីលានផ្សេងៗគ្នា កាលពីថ្ងៃអាទិត្យនោះ ក្រុមណាហ្គាវើល បានវាយបកយកឈ្នះក្រុមបឹងកេត ៤-២ បន្ថែមទៅលើការឈ្នះ ១-០ ក្នុងជើងទី១ ហើយជ័យជម្នះរបស់ក្រុមណាហ្គាវើល ពិតជាធ្វើឲ្យអ្នកគាំទ្រមានការរំភើបខ្លាំង ខណៈពួកគេបានប្រើប្រាស់សមាជិកត្រឹម១០នាក់ ដើម្បីយកឈ្នះក្រុមបឹងកេតនោះ។

ក្រុមណាហ្គាវើល បានទទួលរងការដាក់សម្ពាធយ៉ាងខ្លាំង នៅពេលខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី បានគ្រាប់បាល់ទី១ ឲ្យក្រុមបឹងកេត នៅត្រឹមនាទីទី១០ ហើយខ្សែការពាររបស់ខ្លួន ញឹម សុវណ្ណារ៉ា ត្រូវបានបណ្តេញចេញពីទីលាន ជាមួយការពិន័យកាតក្រហមរបស់អាជ្ញាកណ្តាលនោះ។

យ៉ាងណាក៏ដោយ នៅនាទីទី៣៦ ក្រុមណាហ្គាវើល បានទទួលបាល់ពិន័យ ១១ម៉ែត្រ នៅពេលខ្សែការពារក្រុមបឹងកេត បានបុកខ្សែប្រយុទ្ធ សុះ ស៊ូហាណា ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់នោះ ហើយ គួច ដានី ជាអ្នកស៊ុតបាល់នោះ បានសម្រេច។ បន្ថែមលើនេះ ស៊ូហាណា បានរកបាន ២គ្រាប់ទៀតជាប់ៗគ្នា នៅនាទីទី៥២ និងទី៦០ មុនពេល ឃួន ឡាបូរ៉ាវី បានរកឃើញគ្រាប់បាល់ទី២ ឲ្យបឹងកេត នៅនាទីទី៨០។

ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បានវាយបកតាមស្មើក្រុមអគ្គិសនីកម្ពុជា ក្នុងការប្រកួតពេញម៉ោង ដែលរកបានដោយកីឡាករ នុប តុលា ខណៈខ្សែប្រយុទ្ធ សុខ ចាន់រស្មី បានរកគ្រាប់បាល់នាំមុខឲ្យក្រុមអគ្គិសនីកម្ពុជា បានមុននោះ។ លទ្ធផលស្មើគ្នា ១-១ បន្ថែមទៅលើការស្មើគ្នា ២-២ ក្នុងជើងទី១នេះ ធ្វើឲ្យក្រុមទាំង២ ត្រូវបន្ថែមម៉ោងប្រកួត ១៥នាទី ២ដង ដើម្បីកាត់សេចក្តីរកក្រុមឈ្នះ។

យ៉ាងណាក៏ដោយ ក្នុងការប្រកួតកាត់សេចក្តីក្នុងម៉ោងបន្ថែមសរុប ៣០នាទីនៅកីឡដ្ឋានស្វាយរៀងនោះ កីឡាករ ហូយ ផល្លីន, នេន សុធារដ្ឋ និង សុក សំណាង សុទ្ធតែរកបានម្នាក់ ១គ្រាប់ឲ្យក្រុមស្វាយរៀង មុនពេល សុក ចាន់រស្មី រកបាន ១គ្រាប់ទៀតឲ្យក្រុមអគ្គិនីកម្ពុជា។

តាមរយៈការយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៤-២ នេះ បានជួយឲ្យក្រុមស្វាយរៀង ត្រូវឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានសម្តេចហ៊ុនសែន ជាលើកទី៦ ខណៈ៥លើកកន្លងមក ស្វាយរៀង បានឈ្នះជើងឯក៣ដង និងទទួលបានលេខ២ចំនួន២ដង។ ចំណែកលើកនេះពួកគេត្រូវប៉ះក្រុមណាហ្គាវើល ដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រនេះ៦លើកដូចគ្នា ប៉ុន្តែ៥លើកកន្លងមករបស់ណាហ្គាវើល បានឈ្នះជើងឯកតែ១ដងទេ និងបានលេខ២ចំនួន៤ដង៕