ក្រុមណាហ្គាវើល ហាក់មានការបារម្ភទៅលើកីឡាករកូរ៉េខាងជើងទាំង៤ ដែលកំពុងលេងឲ្យក្លិបក្រសួងការពារជាតិ(ទ័ព) ព្រោះអ្នកទាំង៤នេះ អាចនឹងក្លាយជាឧបសគ្គសម្រាប់ណាហ្គាវើល ក្នុងការប្រកួតប្រជែងជាមួយក្រុមទ័ព ក្នុងវគ្គខ្វែងលីកកំពូលកម្ពុជា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃពុធស្អែកនេះ។

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បានប្រាប់ថា៖ «យើងសង្ឃឹមត្រឹម៥០ទល់នឹង៥០ទេ ព្រោះក្រុមទ័ព មិនមែនជា ដែលងាយស្រួលនឹងយកឈ្នះនោះទេ ដោយសារក្រុមនេះមានកីឡាករបរទេសល្អៗ ពិសេសកីឡាករកូរ៉េទាំង៤នាក់ ដែលពួកគេលេងបានល្អ និងស៊ីចង្វាក់គ្នា»។

ខ្សែប្រយុទ្ធ Choe Myong Ho, Ri Hyok Chol ខ្សែបម្រើ Kim Kyong Hun និងខ្សែការពារ Jang Song Hyok គឺជាបេក្ខភាពកីឡាករមកពីកូរ៉េខាងជើង ដែលកំពុងលេងឲ្យក្រុមទ័ព ហើយអ្នកទាំង៤នេះ ក៏កំពុងក្លាយជាក្តីបារម្ភរបស់លោក មាស ចាន់ណា ផងដែរ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតក្នុងវគ្គវិលជុំទាំង២ជើង កន្លងមកនេះ ណាហ្គាវើល បានលត់ក្រុមទ័ព ៣-០ ក្នុងការប្រកួតជើងទី២ បន្ថែមទៅលើការស្មើគ្នា ១-១ នៅជើងទី២។ ប៉ុន្តែ លោក ទេព ឡុងរចនា គ្រូបង្វឹកក្រុមទ័ព បានប្រាប់ថា៖«ការចាញ់ ៣-០ លើកនោះ ដោយសារយើងមានបញ្ហារបួសកីឡាករច្រើន ព្រោះលេងជាប់ៗគ្នាពេក ប៉ុន្តែលើកនេះ យើងត្រៀមបានល្អ»។

បើតាមរូបមន្តនៃការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧នេះ គឺការប្រកួតខ្វែងរវាងក្រុមណាហ្គាវើល និងក្រុមទ័ពនេះ ក្រុមណាឈ្នះ នឹងត្រូវឡើងទៅប្រកួតជាមួយក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង ដែលរង់ចាំនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកក្រុម ដែលឈ្នះក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងត្រូវឡើងទៅប្រកួតយកពាន ជាមួយក្រុមលេខ១ បឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ៕