(ភ្នំពេញ)៖ ដឹងតែកក្រើក! ជំនួបវគ្គជម្រុះ ៤ក្រុមចុងក្រោយ (Play-Off) នៃលីគកំពូលកម្ពុជា រវាងក្រុមឈរលេខ៣ ណាហ្គាវើល និងក្រុមលេខ៤ ក្រសួងការពារជាតិ (ទ័ព) ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡើងទៅជួបក្រុមឈរលេខ២ ព្រះខ័នរាជស្វាយរៀង។ ចាំមើលណាហ្គាវើល ឬក្រសួងការពារជាតិ ត្រូវឡើងទៅវគ្គបន្ដ?

ក្រុមណាហ្គាវើល គឺជាក្រុមឈរលេខ៣ក្នុងតារាងពិន្ទុ ក្រោយឆ្លងកាត់ប្រកួត ២ជើងស្មើនឹង ២២ប្រកួត ឈ្នះ១៣ ស្មើ៦ និងចាញ់៣ មាន៤៥ពិន្ទុ គ្រាដែលក្រុមក្រសួងការពារជាតិឈរលេខ៤ មាន៤២ពិន្ទុជាមួយលទ្ធផលឈ្នះ១៣ ស្មើ៣ និងចាញ់៦។ ប៉ុន្ដែបើក្រឡេកមើលប្រវត្តិជួបគ្នាក្នុងលីគ ឆ្នាំ២០១៧ ជើងទី១ គឺស្មើគ្នា ១-១ លើទឹកដីណាហ្គាវើល ប៉ុន្ដែជើងទី២ ក្រុមលោក មាស ចាន់ណា នេះបានលត់ក្រសួងការពារជាតិ ៣-០ ឯណោះ។

ប៉ុន្ដែល្ងាចនេះ គឺជាការប្រកួតកាត់សេចក្ដី ប្រសិនបើក្រុមណាឈ្នះ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈក្រុមចាញ់នឹងទទួលបានចំណាត់ថ្នាក់លេខ៤ ដោយស្វ័យប្រវត្តិ។ ដូច្នេះក្រុមទាំងពីរ សុទ្ធតែបានប្ដេជ្ញាចិត្តដណ្ដើមជ័យជម្នះរៀងៗខ្លួន ដើម្បីបានឡើងទៅជួបក្រុមព្រះខ័នរាជស្វាយរៀង និងឈានទៅប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ ដែលមានក្រុមបឹងកេតអែហ្វស៊ីកំពុងរង់ចាំ។

សូមបញ្ជាក់ថា លីគកំពូលកម្ពុជា ឆ្នាំ២០១៧ គឺប្រើរូបមន្ដថ្មី Play-Off មានន័យថា ក្រុមលេខ១ គឺក្រុមបឹងកេត ត្រូវឈរចាំវគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុមលេខ២ គឺក្រុមព្រះខ័នរាជស្វាយរៀង ត្រូវឈរចាំជួបក្រុមទទួលបានជ័យជម្នះ រវាងក្រុមលេខ៣ ជួបក្រុមលេខ៤ ពោលគឺក្រុមក្រសួងការពារជាតិ ដែលត្រូវជួបក្រុមណាហ្គាវើល្ងាចនេះ៕
Via: khmertallking