(ភ្នំពេញ)៖ ទីបំផុតប្រាក់ខែរបស់កីឡាករខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ក្នុងការចុះកិច្ចសន្យាលេងឲ្យក្លឹបលីគកំពូលម៉ាឡេស៊ី Pahang FA ១រដូវកាលនាឆ្នាំ២០១៨ ខាងមុខ ត្រូវបានទម្លាយឲ្យដឹងផ្លូវការហើយ ពោលគឺលើសពីព័ត៌មានចចាមអារ៉ាម ដែលបែកធ្លាយជាបន្ដបន្ទាប់ថា កូនប្រុសអភិបាលខេត្តកំពតរូបនេះ ទទួលបានប្រាក់ខែ ១៥,០០០ដុល្លារក្នុងខែនាពេលកន្លងមក។

លោក បែ មករា អ្នកចាត់ការទូទៅក្រុមបឹងកេតអែហ្វស៊ីបានបញ្ជាក់ថា ការទៅលេងឲ្យក្លឹបជើងឯករងលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៧ គឺក្លឹប Pahang FA នារដូវកាលថ្មីខាងមុខ អត្ថប្រយោជន៍ដែល ចាន់ វឌ្ឍនាកា ត្រូវទទួលបានរួមមានប្រាក់ខែចំនួន ១៦,០០០ដុល្លារក្នុង ១ខែ ហើយថែមទាំងទទួលបានរថយន្ដ ១គ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ, ផ្ទះ១ល្វែង រួមទាំងការធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។

សូមបញ្ជាក់ថា កិច្ចសន្យារវាង ចាន់ វឌ្ឍនាកា និងក្លឹប Pahang FA នឹងអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០១៧ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុន្ដែបច្ចុប្បន្ន ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះ មិនទាន់ចូលរួមជាមួយអតីតក្លឹបជើងឯកលីគកំពូលម៉ាឡេស៊ីច្រើនជំនាន់នេះនៅឡើយទេ ខណៈតាមគម្រោង វឌ្ឍនាកា គ្រោងចេញទៅប្រកបអាជីពជាមួយក្លឹបថ្មីផ្លូវការ នាខែមករា ឆ្នាំ២០១៨ ខាងមុខ៕