ក្រុមណាហ្គាវើល បានធ្លាក់ចេញពីការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ត្រឹមវគ្គខ្វែងដ៏គួរឲ្យសោកស្តាយ ខណៈក្រុមមួយនេះបានចាញ់ក្រុមក្រសួងការពារជាតិ(ទ័ព) ដោយការទាត់បាល់ប៉េណាល់ទី ក្នុងដំណាក់កាលចុងក្រោយ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញ។

តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុមទ័ព និងណាហ្គាវើល មិនអាចរកបានគ្រាប់បាល់ដូចគ្នា បើទោះបីជាក្រុមទាំង២នេះ បានឈានដល់ការប្រកួតនាទីបន្ថែម១៥នាទី២ដង ក៏ដោយ ហើយលទ្ធផលនេះបានធ្វើឲ្យក្រុមទាំង២ ឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្តីរកក្រុមឈ្នះ។ នៅក្នុងដំណាក់កាលដ៏រន្ធត់នោះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះក្រុមណាហ្គាវើល ជាមួយលទ្ធផល ៤-៣ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្វាយរៀង នាល្ងាចថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

យ៉ាងណាក៏ដោយ នៅក្នុងការស៊ុតបាល់ប៉េណាល់ទីនោះ កីឡាករខ្មែរ-បារាំង គួច ដានី របស់ក្រុមណាហ្គាវើល ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង និងមិនផ្តល់ឲ្យស៊ុតបាល់ម្តងទៀត ដោយសាររូបគេបានជន្លជើងចោលម្តង រួចទើបធ្វើការស៊ុតបាល់នោះបញ្ចូលទី ហើយបញ្ហានេះ បានធ្វើឲ្យក្រុមណាហ្គាវើល មិនអស់ចិត្តនោះទេ ហើយអ្នកគាំទ្រ ភាគច្រើនក៏មិនដែលបានឃើញពីករណីពិន័យបែបនេះពីមុនមកនោះដែរ។

ទាក់ទងនឹងបញ្ហានេះ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល បាននិយាយថា៖ «ទាក់ទងនឹង គួច ដានី ខ្ញុំទទួលស្គាល់ថា ជាកំហុសរបស់ខ្ញុំ ព្រោះយើងអត់ដឹងថា ច្បាប់ហ្នឹង ចេញមកគឺអ៊ីចឹង ខ្ញុំអត់ដឹងសោះ…។ ខ្ញុំដឹងថា បាល់ហ្នឹង រត់ទៅទុចហើយ ដកជើងមកក្រោយវិញ ហើយទាត់ទៅចូល គេអត់ឲ្យ ខ្ញុំអត់ដឹងសោះហ្មង ហើយខ្ញុំក៏មិនបន្ទោសកីឡាករដែរ ខ្ញុំបន្ទោសខ្លួនឯងវិញ ដែលខ្ញុំអត់បានមើលព័ត៌មាន Update ច្បាប់ថ្មីហ្នឹង»។

យ៉ាងណាក៏ដោយ លោក មាស ចាន់ណា បានសុំឲ្យអាជ្ញាកណ្តាលរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជួយប្រាប់ក្លិប ឬគ្រូបង្វឹកផង បើមានច្បាប់ថ្មីៗបែបនេះ។ លោកបានបន្ថែមថា៖ «ប៉ុន្តែខ្ញុំសំណូមពរទៅខាងអាប៊ីតដែរ ពេលមានអ្វីថ្មី(ច្បាប់ថ្មី) គួរតែបញ្ចេញឲ្យក្លិបបានដឹង ឬប្រាប់កីឡាករ ឬគ្រូ មុនទាត់ប៉េណាល់ទីអ៊ីចឹងទៅ។ ចឹងខ្ញុំអត់បន្ទោសកីឡាករទេ គាត់ទាត់ចូល គាត់ធ្វើបានល្អ តែនេះយើងអត់បានត្រៀមទុកមុន។ ហេតុនេះកំហុសថ្ងៃនេះ កំហុសធ្ងន់បំផុត គឺកំហុសគ្រូ»៕