ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានធ្លាក់ចុះចំនួន ៣លេខពីតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA (FIFA World Ranking) ប្រចាំខែធ្នូ ឆ្នាំ២០១៧នេះ ឯក្រុមឥណ្ឌូនេស៊ី បានធ្លាក់ខ្លាំងជាងគេ ប៉ុន្តែក្រុមវៀតណាម និងក្រុមមីយ៉ាន់ម៉ា សុទ្ធតែបានឡើងលេខដ៏គួរឲ្យកត់សម្គាល់ប្រចាំខែនេះ។

បើតាម FIFA World Ranking ប្រចាំខែធ្នូនេះ គឺក្រុមកម្ពុជា បានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ១៧៣ គឺធ្លាក់ចំនួន ៣លេខ បើប្រៀបធៀប កាលពីខែវិច្ឆិការ។ រីឯក្រុមហ្វីលីពីន ធ្លាក់ ៦លេខ មកឈរនៅលេខ១២៤ ឥណ្ឌូនេស៊ី ធ្លាក់៨លេង ដោយមកឈរនៅលេខ១៦២ ហើយសិង្ហបុរី ធ្លាក់២លេខ មកឈរនៅលេខ១៧២ ក្នុងចំណោមក្រុមបាល់ទាត់តំណាងប្រទេសចំនួន២០៦ប្រទេស នៅលើពិភពលោក។

ផ្ទុយពីនេះក្រុមវៀតណាម បានឡើងរហូតដល់១៣លេខ មកឈរនៅលេខ១១២ ខ្ពស់ជាងប្រទេសទាំង១១ នៅក្នុងតំបន់អាស៊ានជាមួយគ្នា ហើយថៃ បានឡើង២លេខ មកឈរនៅលេខ១៣០ មីយ៉ាន់ម៉ា ឡើង១០លេខ មកឈរនៅលេខ១៤០ ម៉ាឡេស៊ី ឈរនៅលេខ១៧៤ដដែល ឡាវ ឡើង២លេខ មកឈរនៅលេខ១៨២ ឯក្រុមប្រ៊ុយណេ ឈរនៅលេខ១៩០ដដែល ប៉ុន្តែក្រុមទីម័រខាងកើត ឡើង៥លេខ មកឈរនៅលេខ១៩១។

ដោយឡែក ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបន្តឈរនៅចំណាត់ថ្នាក់លេខ១ ក្នុង FIFA World Ranking ប្រចាំខែធ្នូនេះដដែល និងតាមពីក្រោយដោយក្រុមប្រេស៊ីល ដែលឈរនៅចំណាត់ថ្នាក់លេខ២ ហើយក្រុមព័រទុយហ្គាល់ ឈរនៅចំណាត់ថ្នាក់លេខ៣ លើប្រទេសចំនួន២០៣ផ្សេងទៀត ដែលត្រូវបានចាត់ចូលនៅក្នុង FIFA World Ranking នេះ៕