​បុណ្យ​សមុទ្រ​លើក​ទី៦ ជុំ​ទី២ នៅ​ខេត្ត​កែប បាន​ប្រព្រឹត្តទៅ​ជា​ផ្លូវ​ការ​ព្រឹក​មិញ​នេះ​ហើយ ដោយ​ចាប់​ផ្ដើម​កម្មវិធី​រត់​ប្រណាំង​បើក​ឆាក។ មនុស្ស​ជិត ២​ពាន់​នាក់ បាន​ចូល​រួម​ប្រណាំង​ចម្ងាយ ៣​គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ នៅ​មុខ​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប។

ឯកឧត្តម​​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ឆាក​​ថា អ្នក​ចូល​រួម​ជិត២ពាន់​នាក់​នោះ មាន​សិស្ស​និស្សិត​ពី​ខេត្ត​កំពត សិស្ស​និស្សិត​ពី​ខេត្ត​កែប ប្រជាពលរដ្ឋ ព្រម​ទាំង​ជន​បទេស​មួយ​ចំនួន។ កម្មវិធី​រត់​ប្រណាំង​នោះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ភាព​សប្បាយ​រីករាយ ព្រោះ​ឯកឧត្ដម​អភិបាល​ខេត្ត បាន​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​ដោយ​ផ្ទាល់។

ឯកឧត្ដម កែន សត្ថា អភិបាល​ខេត្ត​កែបថា ការ​ប្រារព្ធ​ពិធី​បុណ្យ​សមុទ្រ​នេះឡើង គឺដើម្បី​ជា​ការដឹង​គុណ​ដល់​ទឹក​សមុទ្រ ដែល​បាន​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ឥតគណនា ដល់​ប្រជាជនខ្មែរ។ ក្នុង​នោះសមុទ្រ​ដ៏ស្រស់ស្អាត​របស់​កម្ពុជា អាច​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ជុំវិញ​ពិភពលោក​ឲ្យ​មក​ទស្សនា ហើយប្រជាជន​ខ្មែរ​អាច​ទាញ​ប្រាក់​ចំណួល​តាមរយៈ​ការ​ផ្ដល់​សេវា​ស្នាក់​នៅ ម្ហូប​អាហារ លក់​ផលិតផល​ក្នុង​ស្រុក​ជា​ដើម ដើម្បី​កែប្រែ​ជីវភាព​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

ពិធីបុណ្យ​សមុទ្រ​​ឆ្នាំ​ ​ដែល​​រៀបចំ​នៅ​ខេត្ត​កែប ​រយៈពេល​​៣​​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ២២​ ដល់​ ២៤ ខែ​ធ្នូ អាច​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ជាង ៣០ម៉ឺន​នាក់​ ទៅ​ទស្សនា​កម្សាន្ត​។ នេះ​បើ​​តាម​ប្រសាសន៍​​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។ ការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​មុន ​នៅ​ខេត្ត​ព្រះសីហនុ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ ៦០​ម៉ឺន​នាក់៕

Via: Sabay