អ្នកចូលរួមទស្សនាផ្ទាល់ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃពុធ ស្អែកនេះ អាចនឹងមានសំណាងឈ្នះបានម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ និងរង្វាន់ជាច្រើនទៀត តាមរយៈការចាប់ឆ្នោតកន្ទុយសំបុត្រ ដែលអ្នកទស្សនាបានទិញ សម្រាប់ចូលរួមការប្រកួតនេះ។

បើតាមព័ត៌មាន ដែលត្រូវបានប្រកាស នៅលើផេចហ្វេសប៊ុករបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា នៅក្នុងពិធីបិទការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ឆ្នាំ២០១៧ នេះគឺសំបុត្រចូលទស្សនាធម្មតា ១សន្លឹកតម្លៃ៣០០០រៀល និងពិសេស ១សន្លឹកតម្លៃ៥០០០រៀល ដោយបានចាប់លក់ កាលពីថ្ងៃចន្ទ នៅពហុកីឡដ្ឋានជាតិ ហើយនៅក្នុងពិធូនឡ នឹងមានការចាប់រង្វាន់ធំម៉ូតូហុងដាឌ្រីម ២០១៨ ចំនួន ៣គ្រឿង ព្រមទាំងរង្វាន់ជាច្រើនទៀត ដោយមានការសហការគាំទ្រពីក្រុមហ៊ុន NCX HONDA។

សូមបញ្ជាក់ថា នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើចាប់ពីម៉ោង ៦ល្ងាច ថ្ងៃពុធ ស្អែកនេះ គឺជាការប្រកួតយកពានធំរវាងក្រុមណាហ្គាវើល និងក្រុមព្រះខ័នតរាជស្វាយរៀង ហើយក្រុមបឹងកេត និងក្រុមអគ្គិសនីកម្ពុជា ក៏ត្រូវប្រកួតដណ្តើមយកលេខ៣ និងលេខ៤ ចាប់ពីរសៀលម៉ោង៣ ថ្ងៃពុធនោះដែរ។

គួររំឭកថា សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំង២ជើងកន្លងមកនេះ ណាហ្គាវើល បានយកឈ្នះក្រុមបឹងកេត ១-០ ក្នុងជើងទី១ និងបន្តឈ្នះ ៣-២ ក្នុងជើងទី២ ហើយក្រុមស្វាយរៀង បានស្មើក្រុមអគ្គិសនីកម្ពុជា ២-២ ក្នុងជើងទី១ និងបានឈ្នះ ៤-២ ក្នុងជើងទី២ នៅកីឡដ្ឋានស្វាយរៀង៕