ការចាញ់ក្រុមក្រសួងការពារជាតិ(ទ័ព) ៤-៣ ដោយការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ក្នុងការប្រកួតវគ្គខ្វែង លីកកំពូលកម្ពុជា ឆ្នាំ២០១៧ កាលពីថ្ងៃទី២០ ខែធ្នូ វានៅតែក្លាយជាស្រមោលដ៏អាក្រក់មួយ ចំពោះក្រុមណាហ្គាវើល។

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ហាក់មានការបារម្ភខ្លាចរឿងមិនល្អបែបនេះ នឹងកើតមានឡើងម្តងទៀត សម្រាប់ការជួបក្រុមព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង៦ ថ្ងៃពុធ ស្អែកនេះ។

លោក មាស ចាន់ណា បានប្រាប់កាលពីព្រឹកថ្ងៃអង្គារនេះថា៖ «បើនិយាយពីកម្រិតលេងដោយប្រើកីឡាករខ្មែរសុទ្ធដូចគ្នា គឺខ្ញុំអត់សូវបារម្ភណាស់ណានោះទេ សម្រាប់ការជួបក្រុមស្វាយរៀង ប៉ុន្តែអ្វីដែលខ្ញុំមានការបារម្ភគឺខ្លាចយើងគ្មានសំណាង»។

គ្រូបង្វឹករូបនេះបានបញ្ជាក់ថា៖ «វាដូចកាល ក្រុមយើងជួបក្រុមទ័ព អ៊ីចឹង គឺយើងលេងបានល្អ តែយើងគ្មានសំណាង រកបានគ្រាប់បាល់។ ហេតុនេះការលេងបាល់ទាត់ វាគួបផ្សំនឹងសំណាង ផងដែរ ព្រោះបើយើងលេងបានល្អហើយ ប៉ុន្តែគ្មានសំណាងក្នុងការស៊ុតបាល់បញ្ចូលទីនោះ ក៏យើងអាចនឹងចាញ់ក្នុងការប្រកួតបានដែរ»។

គួររំឭកថា ក្រុមណាហ្គាវើល និងក្រុមស្វាយរៀង ធ្លាប់បានឡើងមកជួបគ្នាវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចហ៊ុនសែននេះ ចំនួន ២ដងមកហើយ គឺនៅឆ្នាំ២០១២ម្តង និងឆ្នាំ២០១៥ ម្តងទៀត ប៉ុន្តែណាហ្គាវើល បានចាញ់ក្រុមស្វាយរៀង ទាំង២លើក ដោយបានត្រឹមជើងឯករង។

ហេតុនេះការវិលមកជួបគ្នាលើកនេះ ណាហ្គាវើល ពិតជាមិនចង់ជួបការបរាជ័យ ជាលើកទី៣នោះទេ ប៉ុន្តែក្រុមស្វាយរៀង ក៏មិនចង់ចាញ់ដូចគ្នា ព្រោះក្រុមស្វាយរៀង និងក្រុមណាហ្គាវើល លែងមានឱកាសទៅប្រកួតវគ្គផ្តាច់ព្រ័ត្រលីកកំពូលកម្ពុជា ក្នុងឆ្នាំ២០១៧នេះដូចគ្នា ដ្បិតអីណាហ្គាវើល បានចាញ់ក្រុមទ័ព ក្នុងវគ្គខ្វែង ហើយក្រុមស្វាយរៀង បានចាញ់ក្រុមទ័ព ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕