(ភ្នំពេញ)៖ ព័ត៌មានកីឡាករខ្សែប្រយុទ្ធឆ្នើម Shane Booysen ចាកចេញពីក្លឹបភ្នំពេញក្រោន បានក្លាយជាការពិតហើយ បន្ទាប់ពីក្លឹបប្រកាសជាផ្លូវការកាលពីម្សិលមិញ ប៉ុន្ដែទន្ទឹមនឹងការចាកចេញនេះ មានព័ត៌មានចចាមអារ៉ាមជាបន្ដបន្ទាប់ថា កីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូងរូបនេះ គ្រោងចូលរួមជាមួយក្លឹបណាហ្គាវើល ដែលជាសមាជិកលីគកំពូលកម្ពុជាដូចគ្នា។ តើនេះគឺជាព័ត៌មានពិត ឬយ៉ាងណា?

សូមបញ្ជាក់ថា កាលពីម្សិលមិញក្លឹបភ្នំពេញក្រោន បានប្រកាសលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «សូមថ្លែងអំណរគុណ ចំពោះកីឡាករឆ្នើមអាហ្រ្វិកខាងត្បូង Shane Booysen ដែលបានចូលរួមជាមួយក្លឹបនារដូវកាលកន្លងមក។ សូមបញ្ជាក់ថា Shane គឺជាសមាជិកដ៏សំខាន់នៃក្រុមកីឡាករជម្រើសទី១ របស់ក្លឹបក្នុងរដូវកាលកន្លងមក។ យើងខ្ញុំសូមជូនពរឲ្យរូបគេទទួលបានជោគជ័យ និងជួបតែសំណាងល្អ»។

ប៉ុន្ដែមុន និងក្រោយការប្រកាសចែកផ្លូវជាមួយអតីតក្រុមជើងឯក ៦សម័យកាលនេះ មានព័ត៌មានជាបន្ដបន្ទាប់ បានអះអាងថា Booysen នឹងបន្ដអាជីពជាមួយក្លឹបថ្មី ដែលជាសមាជិកលីគកំពូលកម្ពុជាដដែល គឺក្លឹបណាហ្គាវើល។ តែព័ត៌មាននេះ ធ្លាប់ត្រូវបានសាម៉ីខ្លួនផ្ទាល់ច្រាលចោល ហើយបញ្ជាក់ថា ក្រោយចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោន ទើបគេស្វែងរកទ្រនំថ្មី សម្រាប់បន្ដអាជីពបាល់ទាត់របស់ខ្លួន។

ដោយឡែកលោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល ក៏ទើបតែបញ្ជាក់ផងដែរថា ព័ត៌មាន Shane Booysen គ្រោងមករួមរស់ជាមួយក្រុមខ្លួន លោកមិនទាន់ទទួលបានឡើយ ប៉ុន្ដែប្រសិនបើកីឡាករអាហ្វ្រិកខាងត្បូងរូបនេះ អាចមកចូលរួមជាមួយក្រុមណាហ្គាវើលនារដូវកាលក្រោយមែន គឺជាការល្អប្រសើរបំផុត ព្រោះលោកពិតជាទទួលស្គាល់ ចំពោះសមត្ថភាពរបស់កីឡាករខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ៕
Via: khmertalking