​លោក ផាន សុផាន​ណារ៉ា គ្រូ​ជំនួយ​របស់​​អគ្គីសនី​កម្ពុជា​បាន​ទម្លាយ​ថា សម្រាប់​ពាន​ Hun Sen Cup ​ឆ្នាំ​នេះ​គោល​​ដៅ​ក្លឹប​របស់​លោក​កំណត់​​ត្រឹម​ធ្វើ​យ៉ាង​ណា​អាច​ចូល​រួម​វគ្គ​​ ៨​ក្រុម​ក្រោយ​ប៉ុណ្ណោះ ហើយ​ការ​យក​ឈ្នះ​បឹង​កេត​ទទួល​បាន​​លេខ ៣ នេះ​ជា​ជោគជ័យ​ហួស​ក្ដី​រំពឹង​ទុក។

​អគ្គីសនី​​យក​ឈ្នះ​បឹង​កេត​ ដោយ​ការ​​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្កី ៥-៤ បន្ទាប់​ពី​ស្មើ​គ្នា ១-១ នៅ​៩០​នាទី​ពេញ​ ​ដើម្បី​ទទួល​បាន​លេខ ៣ ក្នុង​ពាន​រង្វាន់​សម្ដេច​ប្រចាំ​ឆ្នាំ​២០១៧ ដែល​ជា​ឆ្នាំ​ចូល​រួម​លើក​ដំបូង​របស់​ពួក​គេ។ ​​ក្រោយ​យក​ឈ្នះ​បឹង​កេត​​កាល​ពី​យប់​មិញ​នេះ​ភ្លាម​គ្រូ​ជំនួយ​ខាង​លើ​បាន​​និយាយ​ថា ៖« ​ដំបូង​ឡើយ​ក្លឹប​របស់​យើង​ចង់​សម្រេច​គោល​ដៅ​ អាច​ឈាន​ចូល​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ ប៉ុន្តែ​លទ្ធផល​ជាក់​ស្ដែង​គឺ​យើង​មាន​ភាព​ជោគជ័យ​ខ្លាំង​​ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៣ លើស​ពី​អ្វី​ដែល​យើង​ចង់​បាន» ។

​ដោយ​ឡែក​សម្រាប់​ឆ្នាំ​ក្រោយ​ក្លឹប​អគ្គិសនី​កំណត់​គោល​ដៅ​ថា នឹង​ធ្វើ​​យ៉ាង​ណា​អាច​ឈាន​ជើង​ចូល​វគ្គ ៤ ក្រុម​​ចុង​ក្រោយ​បន្ត​ទៀត។ ​ស្រប​ពេល​ទិស​ដៅ​ដំបូង​គឺ​រៀប​ចំ​សម្លឹង​រក​កីឡាករ​ល្អ​ៗ​បន្ថែម និង​បង្កើន​ការ​ហ្វឹកហាត់​សម្រាប់​ដើម​​ឆ្នាំ​២០១៨។

​សូម​បញ្ជាក់​ថា ក្លឹប​អគ្គិសនី​កម្ពុជា ​បាន​​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១៦ ដោយ​បាន​​ឡើង​មក​លេង​លីគ​កំពូល​នៅ​ឆ្នាំ​២០១៧ ​ហើយ​ក៏​ជា​ឆ្នាំ​ជោគជ័យ​របស់​ពួក​គេ​ក្នុង​ពាន​រង្វាន់​​សម្ដេច​នេះ​ដែរ៕ ​

Via: Sabay