ប្រធានក្រុម របស់ក្រុមព្រះខ័នរាជស្វាយរៀង ប្រាក់ មុន្នីឧត្តម បានលើកឡើងថា ការឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១១ ប្រចាំឆ្នាំ២០១៧ កាលពីយប់ថ្ងៃពុធ បានកើតឡើង ដោយសារក្រុមទាំងមូល មានការតាំងចិត្តខ្ពស់ បន្ទាប់ពីក្រុមស្វាយរៀង បានធ្លាក់ចេញពីការប្រកួតលីកកំពូលកម្ពុជា ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប្រាក់ មុន្នីឧត្តម បាននិយាយថា៖ «នៅក្នុងការប្រកួតនៅឆ្នាំនេះ យើងមានការតាំងចិត្តសំខាន់២ ប៉ុន្តែការតាំងចិត្តទី១របស់ពួកយើង បានបាត់បង់ នៅពេលក្រុមស្វាយរៀង បានធ្លាក់ចេញពីការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧»។

ខ្សែប្រយុទ្ធស្នូលដ៏សំខាន់របស់ក្រុមស្វាយរៀង រូបនេះ បានបន្ថែមថា៖ «ការចាញ់ក្នុងការប្រកួតនៅលីកកំពូលនេះ បានធ្វើឲ្យក្រុមទាំងមូល មានការតាំងចិត្តខ្ពស់បំផុត ក្នុងការប្រកួតផ្តាច់ព្រ័ត្រពានសម្តេចហ៊ុនសែននេះ ហើយជាលទ្ធផលគឺពួកយើងធ្វើបានល្អ ការពារបានល្អ និងសហការគ្នាលេងបានល្អ ទើបយើងទទួលបានជ័យជម្នះ នោះថ្ងៃនេះ»។

ការលើកឡើងរបស់ ប្រាក់ មុន្នីឧត្តម ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមស្វាយរៀង បានយកឈ្នះក្រុមណាហ្គាវើល ៣-០ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃពុធ ម្សិលមិញ។ ប៉ុន្តែសម្រាប់ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ក្រុមស្វាយរៀង បានចាញ់ក្រុមក្រសួងការពារជាតិ ៣-១ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ ដែលធ្វើឲ្យក្រុមមួយនេះ ទទួលបានចំណាត់ថ្នាក់លេខ៣ ហើយក្រុមណាហ្គាវើល បានលេខ៤៕