លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេត កំពុងមានការបារម្ភ សម្រាប់ការដឹកនាំបឹងកេត ទៅជួបក្រុមក្រសួងការពារជាតិ(ទ័ព) នៅវគ្គផ្តាច់លីកកំពូលកម្ពុជា ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើង នៅពហុកីឡដ្ឋានជាតិ នាល្ងាចថ្ងៃសៅរ៍ ខាងមុខនេះ ខណៈក្រុមរបស់លោក បានជួបនូវបញ្ហារបួសកីឡាករសំខាន់ៗ ២នាក់ ហើយការប្រមូលផ្តុំអារម្មណ៍របស់កីឡាករ ក៏ស្ថិតនៅក្នុងក្តីបារម្ភ ផងដែរ។

សម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ និងលេខ៤ ពានរង្វាន់សម្តេចហ៊ុនសែន កាលពីយប់ថ្ងៃពុធ ក្រុមបឹងកេត បានដាក់កីឡាករសំខាន់ៗឲ្យលេងត្រឹម ៤នាក់គត់ ក្រៅពីនោះសុទ្ធតែក្រុមយុវជន ដែលធ្វើឲ្យក្រុមមួយនេះ ចាញ់ក្រុមអគ្គិសនីកម្ពុជា ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តី ៥-៤ បន្ថែមទៅលើលទ្ធផលស្មើ ១-១។

ការមិនហ៊ានដាក់កីឡាករសំខាន់ៗឲ្យចូលលេងច្រើននេះ ត្រូវបានលោក ហៅ សុជាតិ ប្រាប់ថា ដោយសារលោកចង់ឲ្យកីឡាករទាំងនោះសម្រាកឲ្យបានគ្រប់គ្រាន់ ត្រៀមការប្រកួតផ្តាច់ព្រ័ត្រ ជាមួយក្រុមទ័ព នៅថ្ងៃសៅរ៍។ ប៉ុន្តែបញ្ហារបួសកីឡាករបរទេសដ៏សំខាន់ Gbenga និងអ្នកចាំទី ស៊ូ យ៉ាទី ដែលបានកើតមានឡើងតាំងពីប្រកួតចាញ់ក្រុមវៀតណាម Sanna Khanh Hoa ៥-១ កាលពីថ្ងៃទី១៣ ខែធ្នូ វានៅតែជាក្តីបារម្ភសម្រាប់ក្រុមបឹងកេត។

លោក ហៅ សុជាតិ បានប្រាប់ថា៖ «សម្រាប់ការប្រកួតដ៏សំខាន់ខាងមុខនេះ យើងកំពុងមានបញ្ហារឿងរបួសកីឡាករ ដ្បិតអី Gbenga និងអ្នកចាំទី ស៊ូ យ៉ាទី ដែលមានរបួសតាំងពីជួបក្រុមវៀតណាម មកនោះ ពួកគាត់ នៅមិនទាន់បានជាសះស្បើយ១០០ភាគរយនៅឡើយទេ ហេតុនេះខ្ញុំមិនទាន់ច្បាស់ថា ពួកគាត់អាចនឹងចូលរួមជួយក្រុមវិញបាន ឬយ៉ាងណាឡើយ?»។

លោកបានបន្ថែមថា៖ «ចំពោះបញ្ហារបួសរបស់ Gbenga គឺយើងបានត្រៀមកីឡាករម្នាក់ទៀត ជំនួសគាត់ហើយ ប៉ុន្តែបើសិនជាគាត់អាចចូលលេងបាន វាជារឿងល្អសម្រាប់យើង ព្រោះវានឹងធ្វើឲ្យតំបន់ប្រយុទ្ធរបស់យើង អាចលើសក្រុមទ័ព ព្រោះពេលនេះក្រុមទ័ព កំពុងឡើងជើងខ្លាំង»។

បន្ថែមទៅលើបញ្ហារបួសកីឡាករនេះ លោក ហៅ សុជាតិ ក៏កំពុងបារម្ភទៅលើស្មារតីប្រកួតរបស់កូនក្រុមលោកផងដែរ។ លោកបាននិយាយថា៖ «គិតមកដល់ពេលនេះ កីឡាកររបស់ខ្ញុំ នៅតែមានអារម្មណ៍មិនទាន់មូល ចំពោះការបាក់ទឹកចិត្តពេលចាញ់ក្រុមវៀតណាមក្នុងពាន Toyota Mekong Club Championship 2017 កន្លងមកនេះ ហើយនេះក៏ជាបញ្ហាផងដែរ ព្រោះក្រុមទ័ព មានឆន្ទៈប្រកួតខ្លាំងណាស់»៕