ខ្សែបម្រើនាំលេងកំពុងមានអនាគតយ៉ាងស្រពិចស្រពិលកីឡាករ Mesut Ozil មានគំនិតចង់អោយអតីតគ្រូបង្វឹកលោក Jose Mourinho នាំយករូបគេចេញពីក្រុម Arsenal ដើម្បីជួបជុំគ្នាសាជាថ្មីជាមួយអ្នកចាត់ការកំពុងដឹកនាំក្រុម Manchester United រូបនេះ នៅពេលកិច្ចសន្យារបស់គេអស់សុពលភាពនៅបំណាច់រដូវកាល(2017-2018)ខាងមុខនេះ។

គេហទំព័រ Sportsmail បានចុះផ្សាយថាកីឡាករសមាជិកក្រុមជម្រើសជាតិអាល្លឺម៉ង់រូបនេះបានប្រាប់មិត្តភ័ក្ដិខ្លួនដោយមានជំនឿជឿជាក់លោក Mourinho ត្រៀមនាំយករូបគេទៅរួមក្រុមនៅពហុកីឡាដ្ឋាន Old Trafford ស្របពេលដែលរូបគេមិនទាន់បានបន្តកិច្ចសន្យាថ្មីនៅឡើយ ហើយរូបគេនិងផ្ទេរចេញដោយគ្មានតម្លៃខ្លួន(Free Transfer)ប្រសិនជាមិនបន្តកិច្ចសន្យាដល់ក្រុមរហូតដល់បំណាច់រដូវកាលនេះ។

ក្រុមជើងឯក FA Cup គឺ Arsenal និងមិនទទួលបានប្រាក់ពីអតីតកីឡាករក្រុម Real Madrid រូបនេះសូម្បីមួយដុល្លាឡើយ ប្រសិននៅតែបណ្តែតបណ្តោយចង់រក្សាកីឡាករវ័យ 29ឆ្នាំនេះទុកដល់ចប់រដូវកាល។ បច្ចុប្បន្នគ្រូបង្វឹកលោក Arsène Wenger កំពុងមមាញឺក ញាប់ដៃញាប់ជើងត្រៀមលក់ Ozil ចេញ ប្រសិនបើការចរចារបរាជ័យជាលើកចុងក្រោយ ព្រោះឪកាសសម្រាប់បានទទួលប្រាក់ខ្លះវិញគឺមានតែពេលទី ផ្សារដោះដូរនៅខែ មករា 2018 ខាងមុខនោះប៉ុណ្ណោះ។

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Dailymail