ក្រុម Liverpool បាននាំមុខ ១ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីត្រូវបានបង្ខំឲ្យបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ នៅលើទឹកដីក្រុម Manchester United កាលពីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Jurgen Klopp បានឡើងឈរពីលើក្រុម Manchester City នៅលើកំពូលតារាង ប៉ុន្តែ បានចាកចេញពីកីឡដ្ឋាន Old Trafford ទាំងការខកចិត្ត ក្រោយពីពួកគេមិនអាចដណ្តើមបាន ៣ពិន្ទុ បន្ទាប់ពីមិនអាចទម្លុះតំបន់ការពាររបស់ក្រុម Man Utd បាន។ Liverpool ដែលកំពុងតែប្រមាញ់រកបានឈ្នះពានអង់គ្លេសជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៩០នោះ បានបង្កើតឱកាសតិចតួចណាស់ក្នុងការផ្តួលគូប្រកួតរបស់ពួកគេ បើទោះបី Man United បានបាត់បង់ខ្សែបម្រើ Juan Mata, Ander Herrera និង Jesse Lingard ដោយសារតែរបួស នៅមុនពេលបញ្ចប់តង់ទី១ ក៏ដោយ។

Liverpool ដែលបានស៊ុតបាល់ចំគោលដៅត្រឹមតែ១លើកគត់នោះ បច្ចុប្បន្ននៅសល់ការប្រកួតក្របខ័ណ្ឌលីក១១លើកទៀត ដែលជាចំនួនស្មើគ្នាជាមួយនឹងក្រុម Man City ដែលបានប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Chelsea កាលពីថ្ងៃអាទិត្យ។ វាជាការខកខានឱកាសមួយសម្រាប់ក្រុម Liverpool ដែលបានប្រើប្រាស់ការប្រកួតក្នុងដៃរបស់ពួកគេ និងបានបាត់ខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino ដោយសារតែរបួស។ ការទទួលបានលទ្ធផលស្មើជាលើកទី៣របស់ក្រុម Liverpool ក្នុងចំណោមការប្រកួត៤លើកចុងក្រោយ បានធ្វើឲ្យពួកគេបាត់បង់៦ពិន្ទុក្នុងការប្រជែងជាមួយនឹងក្រុមរបស់លោក Pep Guardiola៕

អត្ថបទ៖ Cambosport
ប្រភព៖ Channel News Asia