បរទេស៖ Liverpool នឹងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bournemouth នាកីឡដ្ឋាន Anfield ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ ដោយសមឹ្លងរកជ័យជម្នះជាលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ និងឡើងឲ្យឆ្ងាយពីតំបន់កាត់ចោលនៅលើតារាង។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុម Bournemouth ក៏កំពុងតែឈរពីលើក្រុម Liverpool ផងដែរ នៅលើតារាង។ ប៉ុន្តែ ទោះបីជាយ៉ាងណា ចាប់តាំងពីយកឈ្នះលើក្រុម Aston Villa ក្នុងលទ្ធផល ២-០ កាលពីថ្ងៃប្រកួតបើកឆាក ពួកគេមិនអាចស៊ុតបាល់បញ្ចូលទីសូម្បីតែ១គ្រាប់ក្នុងការប្រកួត២លើកបន្ទាប់របស់ពួកគេ ដោយចាញ់ទាំង២លើក។ ពួកគេបានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញក្នុងការប្រកួតពាន League Cup ជុំទី២ កាលពីថ្ងៃពុធ តាមរយៈការផ្តួលក្រុម Norwich City ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយពីការប្រកួតនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅម៉ោងធម្មតា។ ដោយឡែក ក្រុម បច្ចុប្បន្ន Liverpool ដែលកំពុងញ៉ាំញីដោយរបួសកីឡាករ កំពុងតែជួបបញ្ហាដ៏ឈឺក្បាល ក្នុងរដូវកាលរបស់ពួកគេ។
ពួកគេដណ្តើមបានត្រឹមលទ្ធផលស្មើជាមួយនឹងក្រុម Fulham និងCrystal Palace មុននឹងចាញ់ ២-១ លើទឹកដីក្រុម Manchester United ដែលបានបញ្ចប់ភាពត្រដាបត្រដួសនៅដើមរដូវកាលរបស់ពួកគេ ជាមួយនឹងការបង្ហាញពីទម្រង់លេងដ៏គួរឲ្យទាក់ទាញក្នុងពេលប៉ះជមួយនឹងក្រុម Jurgen Klopp។ ទោះបីជាយ៉ាងណា ការប៉ះជាមួយនឹងក្រុម Bournemouth នៅ Anfield នឹងផ្តល់ឱកាសមាសមួយសម្រាប់ Liverpool ក្នុងការវិលទៅរកផ្លូវនៃជ័យជម្នះវិញ ហើយក៏ជាការប្រកួតមួយដែលពួកគេមិនអាចធ្វើឲ្យភ្លាត់ស្នៀតផងដែរ៕
ប្រភពព័ត៌មាន៖ Sky Sports