លោក Jurgen Klopp បានសន្យាថា នឹងធ្វើការដោះស្រាយបញ្ហានៅតំបន់ការពារដ៏រ៉ាំរ៉ៃរបស់ក្រុម Liverpool ក្រោយពីការរងបរាជ័យក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Tottenham Hotspur បានធ្វើឲ្យក្រុមរបស់លោកដេញតាមពីក្រោយក្រុមស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League រហូតដល់ទៅ ១២ពិន្ទុ។

Spurs បានបំបែកតំបន់ការពាររបស់ក្រុម Liverpool ទាំងស្រុងក្នុងការប្រកួតនៅកីឡដ្ឋាន Wembley កាលពីថ្ងៃអាទិត្យ ខណៈដែលខ្សែប្រយុទ្ធ Harry Kane បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ក្នុងពេលក្រុមរបស់លោក Mauricio Pochettino បានតាមស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ២ Manchester United។

បច្ចុប្បន្នក្រុម Liverpool បានរបូតគ្រាប់បាល់ក្នុងការប្រកួតលីកដល់ទៅ ១៦គ្រាប់ ដែលជាស្ថិតិដ៏អន់បំផុតក្នុងដំណាក់កាលដូចគ្នានេះក្នុងរដូវកាលមួយ បើគិតចាប់តាំងពីឆ្នាំ១៩៦៤ ហើយលោក Klopp បានបញ្ជាក់ថា ក្រុមរបស់លោកគួរតែបំភ្លេចពីការឡើងទៅក្បែរក្រុមនៅលើកំពូលតារាង ប្រសិនបើពួកគេមិនអាចដោះស្រាយពីភាពទន់ខ្សោយនៅតំបន់ការពារទេនោះ។

អ្នកចាត់ការទូទៅរបស់ក្រុម Liverpool រូបនេះបានឲ្យដឹងថា៖ «យើងមិនត្រូវនិយាយពីចំណាត់ថ្នាក់កំពូលតារាងទាំងបួននៅថ្ងៃនេះឡើយ។ យើងកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៩។ យើងមានស្ថិតិដ៏អន់បំផុតបើគិតចាប់តាំងពីឆ្នាំ១៩៦៤។ ខ្ញុំមិនអាចជឿឡើយ។ យើងកំពុងតែស្ថិតក្នុងទីតាំងរបស់យើង ហេតុនេះ វាពិតជាសមមុខយើងហើយ»។ គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «យើងត្រូវតែបង្ហាញថា យើងមានតំបន់ការពាររឹងមាំជាងដែលយើងបានបង្ហាញនៅថ្ងៃនេះ»៕

វីឌីអូហាយឡាយការប្រកួតរវាង Tottenham vs Liverpool ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia