ការប្រកួតលីកកំពូលកម្ពុជា ឆ្នាំ២០១៧ ប្រចាំសប្តាហ៍ទី១៨ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញ បានបន្សល់ទុកទាំងរឿងល្អ និងរឿងអាក្រក់ ដែលអ្នកនិយមបាល់ទាត់គួរតែដឹង ព្រោះរឿងហេតុទាំងនោះ មានតែការបណ្តេញគ្រូបង្វឹក កីឡាករ ការបង្កើតកំណត់ត្រាថ្មីក្នុងនាមជាកីឡាកររកបាន៤គ្រាប់ម្នាក់ឯង ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករឆ្នើម និងការសណ្តើមទីតាំង Top4 បានសម្រេចរបស់ក្រុមស្រេកឃ្លានការឈ្នះ។

ការបណ្តេញកីឡាករ គ្រូបង្វឹក និងការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូល

អ្នកចាំទី សំរិត សីហា របស់ក្រុមណាហ្គាវើល ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហម នៅនាទីទី៦១ ខណៈរូបគេបានលោតទៅសង្រ្គោះបាល់ ហើយជ្រុលទៅបុកខ្សែប្រយុទ្ធ Bisan George របស់ក្រុមព្រះខ័នរាជស្វាយរៀង ឲ្យដួលទាំងមានរបួស ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍។
ការតវ៉ាទៅលើការពិន័យកាតក្រហម និងការផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យទៅក្រុមស្វាយរៀងនេះ បានធ្វើក្រុមអាជ្ញាកណ្តាល ឈានដល់សម្រេចបណ្តេញគ្រូបង្វឹកក្រុមណាហ្គាវើល គឺ លោក មាស ចាន់ណា ចេញពីបរិវេណទីលានប្រកួតផងដែរ។ ប៉ុន្តែកីឡាករឆ្នើម ប្រាក់ មុន្នីឧត្តម ស៊ុតបាល់ពិន័យ១១ម៉ែត្រនោះ មិនចូល ដោយអ្នកចាំទីដៃទី៣ សោម សុគន្ធដារ៉ា ដែលចូលជំនួស សំរិត សីហា លោតទៅសង្រ្គោះបាន។

នៅទីបំផុតក្រុមណាហ្គាវើល បានឈ្នះក្រុមស្វាយរៀង ២-១ ប៉ុន្តែលោក មាស ចាន់ណា នៅតែមានការខឹងទៅនឹងការបណ្តេញរបស់ក្រុមអាជ្ញាកណ្តាលនេះ ដោយលោកបានសរសេរពាក្យមួយឃ្លាបែបបង្កប់ន័យបង្ហោះនៅលើផេចហ្វេកប៊ុករបស់ខ្លួនថា៖ «ឈឺចិត្តពេលដឹងរឿង ខ្ញុំគ្រាន់តែជាមនុស្សធម្មតាទេ សូមកុំធ្វើបាបខ្ញុំ»។

Maycon រកបាន៤គ្រាប់តែម្នាក់ ដើម្បីឱកាសឈ្នះស្បែកជើងមាស

ចំណែកខ្សែប្រយុទ្ធមកពីប្រេស៊ីល Maycon បានបង្កើតកំណត់ត្រាថ្មីមួយ ដោយរកបាន៤គ្រាប់តែម្នាក់ឯង នៅពេលក្រុមបឹងកេត បានលត់ក្រុម CMAC ៥-០ ហើយការរកបាន៤គ្រាប់នេះធ្វើឲ្យ Maycon កាន់តែមានឱកាសក្នុងការប្រជែងយកស្បែកជើងមាសជាមួយខ្សែប្រយុទ្ធរបស់ក្រុមណាហ្គាវើល Kipson ព្រោះពេលនេះ Maycon រកបានគ្រាប់បាល់សរុប១៩គ្រាប់ តិចជាង Kipson តែ១គ្រាប់ទេ ឯ Bisan George រកបាន១៥គ្រាប់ ខណៈ Choe Myong Ho របស់ក្រុមក្រសួងការពារជាតិ រកបាន១៤គ្រាប់។

ទ័ព សម្រេចគោលដៅ ក្នុងការទម្លាក់ក្រុមភ្នំពេញក្រោន

ចំណែកក្រុមក្រសួងការពារជាតិ(ទ័ព) បានយកឈ្នះក្រុមភ្នំពេញក្រោន ១-០ ដែលរកបានដោយខ្សែប្រយុទ្ធ Kim Kyong Hun នៅនាទីទី២០ ហើយលទ្ធផលនេះ បានជួយឲ្យក្រុមទ័ព សម្រេចទិសដៅដ៏ធំរបស់ខ្លួន គឺការដណ្តើមយកទីតាំងលេខ៤របស់ក្រុមភ្នំពេញក្រោន ដូចការរំពឹងទុក ព្រោះពេលនេះទ័ព មាន៣៣ពិន្ទុ លើសភ្នំពេញក្រោន១ពិន្ទុ ឯក្រុមបឹងកេត និងណាហ្គាវើល មាន៣៦ពិន្ទុស្មើគ្នា ខណៈក្រុមព្រះខ័នរាជស្វាយរៀង បន្តឈរនៅកំពូលតារាងដដែល ព្រោះមាន៣៧ពិន្ទុ៕